ភ្នំពេញ ៖ ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយពីបានឃើញសារព័ត៌មាន ចុះផ្សាយ ពី កុមារា យី សេងឡុង មានអាយុ១៤ឆ្នាំ ដែលមានជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក ឬ ឈាមរាវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ត្រូវការអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជួយដល់ប្អូនប្រុស។
ភ្លាមៗនោះ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម រ័ត្ន ស៊្រាង បានចាត់ឲ្យក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣នាក់ ទៅចូលរួមបរិច្ចាគឈាមជួយដល់គាត់។ ហើយឯកឧត្តម រ័ត្ន ស៊្រាង សូមកោតសរសើរដល់ មន្ទីរពេទ្យកុមារជាតិ ដែលបានមើលថែរកុមារក្នុងរយៈពេលកន្លងមក ដោយទទួលព្យាបាលមិនគិតប្រាក់និងយកចិត្តទុកដាក់ព្យាបាលបន្តទៅមុខទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម រ័ត្ន ស៊្រាង បានឲ្យក្រុមការងារនាំយកនូវអំណោយឧបត្ថម្ភ ចំនួន ១.០០០.០០០រៀល ភេសជ្ជៈ០៣កេស ចាហួយ០១កេស ដើម្បីសួរសុខទុក្ខ ផងដែរ។
សូមបញ្ជាក់ផងដែរថា កុមារា យី សេងឡុង មានអាយុ១៤ឆ្នាំ ដែលមានជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកក ឬ ឈាមរាវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ រស់នៅជាមួយម្តាយ ជាស្រ្តីមេម៉ាយ ត្រូវប្តីបោះបង់ចោល ដែលកំពុងតែមានជំងឺ នឹងសូមមេត្តាដល់សប្បុរសជន បន្តជួយដល់ ប្អូនប្រុសផង។
ក្រឡេកទៅមើលទិដ្ឋភាព ដេកនៅលើគ្រែពេទ្យ លើកដៃសំពះ ជាមួយនឹងការរៀបរាប់ ពិបាកក្នុងខ្លួន កុមារាអាយុ១៥ឆ្នាំម្នាក់ ដែលមានជំងឺឈាមរាវ និងមានដំបៅ នៅលើសាច់គូទ អស់រយៈពេលជាច្រើនឆ្នាំមកហើយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ និងត្រូវការ បញ្ចូលឈាមជាបន្ទាន់ ហើយប្អូនសូមមេត្តាដល់សប្បុរសជនជួយផង។ ពេលនេះក្រុមគ្រួសារ របស់ប្អូនប្រុស អស់លទ្ធភាពហើយ ដោយត្រូវការបញ្ចូលឈាម ជាបន្ទាន់ ក្នុងព្យាបាល ប្អូនប្រុស។
ប្អូនប្រុស ឈ្មោះ យី សេងឡុង មានអាយុ១៥ឆ្នាំ រស់នៅជាមួយម្តាយដែលជាស្រ្តីមេម៉ាយ ឈ្មោះ ទ្រី គឹមឡេង មានអាយុ៥១ឆ្នាំ ប្រកបមុខរកបស៊ីឈ្នួលដេរអោយគេ ដែលត្រូវប្តីបោះបង់ចោល៕
សូមមេត្តាទឹកចិត្ត ដ៏សប្បុរសធម៌ របស់សប្បុរសជន ដើម្បីជួយដល់ប្អូនប្រុស ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 069 34 63 79 ដែលជាលេខទូរស័ព្ទរបស់ម្តាយប្អូនប្រុសផ្ទាល់ …