(វ៉ាស៊ីនតោន)៖ ទីបំផុត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យក្រុមមន្ត្រី រដ្ឋបាលរៀបចំចាត់ចែងដំណើរការផ្ទេរអំណាចទៅឲ្យលោក ចូ បៃដិន ជាផ្លូវការ ទោះបីជាគាត់បានប្តេជ្ញាតស៊ូដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកស្រី Emily Murphy ប្រធានរដ្ឋបាលចាត់ចែងកិច្ចការទូទៅ General Services Administrationបានសរសេរលិខិតមួយច្បាប់ ជូនលោក ចូ បៃដិន យ៉ាងដូច្នេះថា ខ្ញុំយកចិត្តទុកដាក់ណាស់ចំពោះដំណើរការនេះ ហើយដោយយោងលើការវិវត្តថ្មីៗ ពាក់ព័ន្ធនឹងការតវ៉ាតាមផ្លូវច្បាប់ និងការទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតទាំងអស់នោះ ខ្ញុំក៏រៀបចំបញ្ជូនលិខិតនេះនៅថ្ងៃនេះ ដើម្បីផ្ទេរធនធាន និងសេវាកម្មទាំងទាំងឡាយជូនដល់អ្នក (លោក ចូ បៃដិន)។
គួរជម្រាបថា លោក ដូណាល់ ត្រាំ បានចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើននៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកាកន្លងទៅ ដោយមិនបានផ្តល់ភស្តុតាងច្បាស់លាស់ណាមួយមកបញ្ជាក់នោះទេ។ ទោះបីជាគាត់មិនបានទទួលស្គាល់ជ័យជម្នះរបស់លោកបៃ ដិន ប៉ុន្តែនៅថ្ងៃច័ន្ទម្សិលមិញ លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយនៅលើ Twitter របស់លោកថា លោកបានណែនាំឲ្យលោកស្រី Emily Murphy ប្រធានរដ្ឋបាល GSA និងក្រុមការងាររបស់លោកស្រី បំពេញការងារគ្រប់យ៉ាងឲ្យចប់សព្វគ្រប់ទៅតាមពិធីការ ហើយនេះគឺសញ្ញាមួយដែលបញ្ជាក់ថាលោក ដូណាល់ ត្រាំ ព្រមទទួលស្គាល់ការបរាជ័យហើយ។ សូមបញ្ជាក់ថា ពីធីចុះហត្ថលេខាទទួលស្គាល់ការផ្ទេរសិទ្ធិនេះ នឹងប្រព្រឹត្តទៅនៅពេលដែលអ្នកឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិក ត្រូវបានប្រកាសជាផ្លូវការ៕