មេដឹកនាំកោះតៃវ៉ាន់បង្កើតកងនាវាមុជទឹកថ្មី ដើម្បីទប់ទល់ឥទ្ធិពលចិន

(តៃវ៉ាន់)៖ លោកស្រី Tsai Ing-wen មេដឹកនាំកោះតៃវ៉ាន់កាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសបេ្តជ្ញាចិត្តរបស់ខ្លួនដើម្បីការពារដែនអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ តាមរយៈការបង្កើតកងនាវាមុជទឹកជំនាន់ថ្មីដែលអភិវឌ្ឍនៅក្នុងស្រុកផ្ទាល់ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

កោះតៃវ៉ាន់ដែលបានប្រទេសចិនអះអាងថា គ្រាន់តែជាខេត្តមួយរបស់ខ្លួន បានកំពុងប្រឹងប្រែងជាច្រើនឆ្នាំមកហើយ ដើម្បីអភិវឌ្ឍកងនាវាមុជទឹករបស់ខ្លួន ដែលខ្លះមានអាយុកាលតាំងពីសង្គ្រាមលោកលើកទី២ តែទោះជាយ៉ាងណាក៏មិនអាចប្រកួតប្រជែង ជាមួយកងនាវាចិនបានឡើយ ដែលរួមបញ្ជូលទាំងនាវា ដែលមានសមត្ថភាពបាញ់អាវុធនុយក្លេអ៊ែរផងដែរ។

នៅក្នុងពិធីចាប់ផ្តើមការបង្កើតកងនាវាមុជទឹកថ្មី នៅឯទីក្រុងកំពង់ផែ Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់ លោកស្រី Tsai បានហៅការផ្លាស់ប្តូរនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់បង្កើនសមត្ថភាពការពារកោះនេះ បន្ទាប់ពីបានជម្នះបញ្ហាប្រឈមជាច្រើនជាមួយប្រទេសចិន។ លោកស្រី Tsai ក៏បានកត់សម្គាល់ទៀតថា ការស្ថាបនានេះគឺបានបង្ហាញពីឆន្ទៈ ដ៏ខ្លាំងក្លារបស់កោះតៃវ៉ាន់ចំពោះពិភពលោក ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។ ក្រុមហ៊ុន CSBC គាំទ្រដោយរដ្ឋាភិបាលកោះតៃវ៉ាន់បានបញ្ជាក់ថា ខ្លួននឹងប្រគល់នាវាមុជទឹក ០១គ្រឿងក្នុងចំណោមនាវាទាំង ០៨គ្រឿង ដែលបានគ្រោងផលិតឲ្យបាននៅឆ្នាំ២០២៥ ជាការជំរុញដ៏សំខាន់មួយដល់ការធ្វើទំនើបកម្មយោធា និងផែនការរបស់លោកស្រី Tsai។
យោធាកោះតៃវ៉ាន់ភាគច្រើន ត្រូវបានបំពាក់ដោយអាវុធអភិវឌ្ឍឡើងដោយសហរដ្ឋអាមេរិក ប៉ុន្តែលោកស្រី Tsai បានពង្រឹងការអភិវឌ្ឍឧស្សាហកម្មការពារជាតិ ក្នុងស្រុកជាអាទិភាពសំខាន់។ ជាក់ស្តែង នៅក្នុងខែមិថុនាកន្លងទៅ លោកស្រី Tsai បានត្រួតពិនិត្យការហោះហើរសាកល្បង យន្តហោះបណ្តុះបណ្តាលជំនាន់ថ្មី ដែលអភិវឌ្ឍក្នុងស្រុកជាលើកដំបូង។
គួរបញ្ជាក់ថា ទោះបីជាតៃវ៉ាន់កំពុងអភិវឌ្ឍឧស្សាហកម្មការពារជាតិដោយខ្លួនឯងក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែបន្តបង្កើនការគាំទ្រ យ៉ាងពេញទំហឹងដល់កោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការបង្កើនការលក់អាវុធ និងបញ្ជូនមន្ត្រីអាមេរិកកំពូលៗ ឱ្យទៅបំពេញទស្សនកិច្ចក្នុងដែនកោះមួយនេះ ទោះបីជាប្រទេសចិនបានជំទាស់ និងគំរាមយ៉ាងណាក៏ដោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២