(វ៉ាស៊ីនតោន)៖ ប្រភពពីក្រុមស៊ើបការណ៍សម្ងាត់ជប៉ុន បានអះអាងថា ប្រទេសចិនបានផ្តល់វ៉ាក់សាំង ប្រឆាំងCOVID-19 ទៅប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងក្រុមគ្រួសារ របស់លោកផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។
អ្នកជំនាញអាមេរិកលោកHarry Kazianis គឺជាអ្នកដែលបានទទួលប្រភពពីក្រុមស៊ើបការណ៍សម្ងាត់ជប៉ុនបានគូសបញ្ជាក់ថា លោក គីម ជុងអ៊ុន និងក្រុមគ្រួសារលោក ព្រមទាំងមន្ត្រីកំពូលៗរបស់កូរ៉េខាងជើងសុទ្ធតែ បានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ចិននោះរួចទៅហើយ ប៉ុន្តែអ្នកជំនាញអាមេរិករូបនេះ មិនអាចបញ្ជាក់បានថា តើវ៉ាក់សាំងដែលចិន បានផ្តល់ឲ្យកូរ៉េខាងជើងនោះ ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនណាមួយ ឬក៏ជាវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងសុវត្ថិភាពនោះទេ។
សូមជម្រាបថា ចាប់តាំងពីការផ្ទះឡើងដំបូងនៃជំងឺ COVID-19 កាលពីដើមឆ្នាំនេះមក ប្រទេសកូរ៉េខាងជើងនៅតែគ្មានករណីឆ្លង COVID-19 ឡើយសូម្បីតែមួយករណី ។ ប៉ុន្តែក្រុមស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងបានអះអាងថាករណីឆ្លងរាលដាលនៅកូរ៉េខាងជើងមិនអាចបដិសេធនោះទេព្រោះប្រទេសនេះមានការដោះដូរពាណិជ្ជកម្មនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាមួយប្រទេសចិនដែលជាប្រភពនៃជំងឺរាតត្បាត COVID-19 មុនពេលដែលប្រទេសទាំងពីរសម្រេចបិទទ្វារ ព្រំដែននៅចុងខែមករាកន្លងមកនេះ៕