(អង់គ្លេស)៖ ចក្រភពអង់គ្លេសនៅថ្ងៃពុធសប្ដាហ៍នេះ បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer និងអាល្លឺម៉ង់ BioNTech ហើយអាចបើកយុទ្ធនាការចាក់វ៉ាក់សាំង COVID-19ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុននេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។
គណៈកម្មាធិការរបស់ចក្រភពអង់គ្លេស ដែលទទួលបន្ទុកលើវ៉ាក់សាំង នឹងត្រូវសម្រេចថា តើក្រុមអាទិភាពណាខ្លះ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ ដូចជាអ្នកស្នាក់នៅមណ្ឌលថែទាំងជនចាស់ជរា បុគ្គលិកផ្នែកសុខាភិបាល និងមនុស្សចាស់ ក៏ដូចជាជនងាយរងគ្រោះដទៃៗទៀតផងដែល។ កន្លងមកនេះ ក្រុមហ៊ុន Pfizer, BioNTech និងក្រុមហ៊ុន Moderna បានរាយការណ៍ថា លទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ពួកគេ ក្នុងដំណាក់កាលចុងក្រោយ គឺមានប្រសិទ្ធភាពលើសពី ៩៥ភាគរយ ដែលជាកម្រិតប្រសិទ្ធភាពដ៏ខ្ពស់មួយដែលអាចប្រឆាំងនិងវីរុសដ៏កាចសាហាវនេះ។
គួរជម្រាបផងដែរថា ចក្រភពអង់គ្លេសបានបង្កើនក្តីសង្ឃឹមសម្រាប់ពិភពលោកថាអាចមានលទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណាបាន ដែលជំងឺនេះបានសម្លាប់មនុស្សជិត ១,៥ លាននាក់រួចមកហើយ និង ធ្វើឲ្យពិភពលោកជួបវិបត្តសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ គិតចាប់តាំងពីវាលេចចេញពីការផ្ទុះឡើងដំបូងនៅទីក្រុង Wuhan ប្រទេសចិនកាលពីមួយឆ្នាំមុន៕

FILE PHOTO: Biontech’s logo is seen through a 3D-printed Pfizer logo in this illustration taken November 10, 2020. REUTERS/Dado Ruvic

