(ហ្វីលីពីន )៖ កីឡាករប្រដាល់លំដាប់ពិភពលោក Manny Pacquiao បានក្លាយជាប្រធានគណបក្សកាន់អំណាចហ្វីលីពីន PDP-Laban ខណៈដែលត្រូវបានគេរំពឹងថា ជាជំហានមួយទៀតរបស់លោក Pacquiao ក្នុងការក្លាយជាបេក្ខភាពឈរឈ្មោះបោះឆ្នោតប្រធានាធិបតីហ្វីលីពីននៅឆ្នាំ ២០២២ ខានមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។
លោកPacquiao បានស្បថចូលកាន់តំណែងថ្មីរបស់គាត់កំឡុងពេលកម្មវិធីមួយរបស់បក្ស PDP-Laban កាលពីថ្ងៃព្រហស្បតិ៍ដែលបានប្រារព្ធធ្វើឡើងនៅ ក្នុងទីក្រុង Quezon ។ លោក Pacquiao បាននិយាយនៅក្នុងឪកាសនោះថា៖ ការទទួលបានឱកាសដ៏កម្រក្នុងការដឹកនាំ PDP-Laban ជាកិត្តិយស និងការទទួលខុសត្រូវដ៏ធំធេង…. ខ្ញុំសូមអរគុណដល់អ្នករាល់គ្នា ហើយខ្ញុំនឹងមិនខ្ជះខ្ជាយពេលវេលាសម្រាប់តួនាទីដែលអ្នកបានប្រគល់ឲ្យខ្ញុំឡើយ។
អាណត្តិសមាជិកព្រឹទ្ធសភា ៦ ឆ្នាំរបស់Pacquiaoនឹងបញ្ចប់នៅឆ្នាំ ២០២២ ហើយគាត់មានសិទ្ធិឈរឈ្មោះសម្រាប់អាណត្តិបន្ទាប់ទៀត ឬក៏ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ខណៈ ដែលលោក Duterte ប្រធានាធិបតីបច្ចុប្បន្នបានទទូចម្តងហើយម្តងទៀត ដើម្បីឱ្យលោកPacquiao ឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន។ គណបក្ស PDP-Laban ដែលជាគណបក្សនយោបាយរបស់ប្រធានាធិបតី Rodrigo Duterte ធ្លាប់ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងថ្នាក់ក្រោមជាតិកាលពីឆ្នាំ ២០១៩។
សូមជម្រាបថា ស្តេចប្រដាល់អាស៊ី Manny Pacquiao អាយុ ៤១ឆ្នាំ ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាហ្វីលីពីន ដែលត្រូវគេជឿថា អាចកាន់កាប់តំណែងជាអ្នកដឹកនាំប្រទេសហ្វីលីពីន ខណៈរូបលោកត្រូវបានប្រជាជនចាត់ទុកថាជាវីរបុរសរបស់ជាតិរួចទៅហើយនោះ៕