សហភាពសហព័ន្ធយុវជនកម្ពុជា បន្តឧបត្ថម្ភសម្ភារៈដល់ ស.ស.យ.ក. រាជធានី-ខេត្តទាំង២៥ សម្រាប់ទ្រទ្រង់យុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការបន្តអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលយុទ្ធនាការនេះ ទទួលបានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. រាជធានី-ខេត្តទាំង ២៥។

ចាប់តាំងពីខែមីនា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស បាន និងកំពុងអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងចលនារួមរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ យុទ្ធនាការនេះមានជាសកម្មភាពដូចជា៖ (១) ផ្សព្វផ្សាយ អប់រំ និងណែនាំពីវិធានការការពារពីជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋមូលដ្ឋានតាមគ្រប់លទ្ធភាព និងគ្រប់មធ្យោបាយរួមមាន៖ ការផ្សាយសារអប់រំតាមឧគ្ឃោសនស័ព្ទចល័ត ការចងបដាតាមទីសាធារណៈ ការចែក-បិទខិត្តបណ្ណ និងការចែកសម្ភារៈ ដល់បណ្តាអង្គភាពពាក់ព័ន្ធនានាសម្រាប់ប្រើប្រាស់ក្នុងការចុះអនុវត្តយុទ្ធនាការ និង(២) ចុះសួរសុខទុក្ខ និងឧបត្ថម្ភគាំទ្រប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះក្នុងអំឡុងជំងឺកូវីដ១៩ ព្រមទាំងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីសាធារណៈ និងរៀបចំទីតាំងចត្តាឡីស័កជាដើម។

ដើម្បីជំរុញឱ្យយុទ្ធនាការនេះឲ្យប្រព្រឹត្តិទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. នារយៈកាលកន្លងមក បានឧបត្ថម្ភគាំទ្រទាំងកម្លាំង និងស្មារតី ក៏ដូចជាកញ្ចប់ថវិកា និងសម្ភារៈចាំបាច់នានារួមមាន ម៉ាស់ ជែលលាងដៃ និងបដាផ្សព្វផ្សាយផ្សេងៗ ជូនដល់គណៈកម្មាធិការស.ស.យ.ក. រាជធានី-ខេត្តទាំង២៥ សម្រាប់ប្រើប្រាស់ក្នុងការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. តាមរយៈមូលនិធិ ស.ស.យ.ក ក៏ដូចជាតាមរយៈការចូលរួមឧបត្ថម្ភពីបណ្តាសប្បុរសជន និងដៃគូរសហការនានា គ្រោងនឹងឧបត្ថម្ភសម្ភារៈបន្ថែមសម្រាប់ជំហានបន្ទាប់ ដែលសម្ភារៈទាំងនោះសរុបរួមមាន៖ ម៉ាស់ចំនួន ៥០ម៉ឺនម៉ាស់ សាប៊ូលាងដៃ ១០៨០០ដុំ និងបដាអប់រំផ្សព្វផ្សាយចំនួន ៣០០០បដា ដើម្បីបន្តយុទ្ធនាការនេះទូទាំងប្រទេស។

ទន្ទឹមនឹងការទទួលស្គាល់ និងថ្លែងអំណរគុណចំពោះសកម្មភាពយ៉ាងផុសផុលរបស់សមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្តរបស់ខ្លួនទាំងអស់. ដែលបានលះបង់កំលាំងកាយចិត្តក្នុងការអនុវត្តយុទ្ធនាការកន្លងមក លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានជំរុញ និងលើកទឹកចិត្តសមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ឱ្យបន្តការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ បន្ថែមទៀត ជាពិសេសនៅតាមទីប្រជុំជន សាលារៀន និងផ្សារជាដើម ដើម្បីធ្វើយ៉ាងណាឲ្យវិសាលភាពនៃការផ្សព្វផ្សាយនេះ បានជ្រួតជ្រាបទៅដល់មូលដ្ឋាននានាទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួររំលឹកផងដែរថា ក្នុងស្មារតីនៃការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សហភាពសហព័ន្ធយុវជនកម្ពុជា កន្លងមក ក៏បានឧបត្ថម្ភជាសម្ភារៈចាំបាច់ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ចំនួនពីរដំណាក់កាល ដែលសម្ភារៈសរុបរួមមាន ម៉ាស់ចំនួន ១២.០៤០ម៉ាស់ សម្លៀកបំពាក់វេជ្ជសាស្រ្តការពារ ចំនួន៣៥០០កំប្លេ មួកវេជ្ជសាស្រ្តការពារចំនួន ២០០០កំប្លេ និងជែលលាងដៃចំនួន ១២៥០ដប។ ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ដើម្បីចុះធ្វើការផ្សព្វផ្សាយ អប់រំ និងបែងចែកសម្ភារៈជូនបណ្តាអង្គភាព និងរដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរសុខាភិបាល ចំណុះរដ្ឋបាលរាជធានីភ្នំពេញផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២