ប្រមុខដឹកនាំកម្ពុជា គាំទ្រតួនាទី អង្គការសហប្រជាជាតិ និង អង្គការសុខភាពពិភពលោក ចំពោះការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩

ភ្នំពេញ ៖ ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នូវការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ (អសប) និង អង្គការសុខភាពពិភពលោក ក្នុងកិច្ចប្រឹងប្រែងជាសកល ចំពោះការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសម័យប្រជុំពិសេស លើកទី ៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្ដីពី “ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”ថ្ងៃទី ៣-៤ ខែ ធ្នូ ឆ្នាំ ២០២០។

លើសពីនេះទៀត, កម្ពុជា ក៏សូមគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់បំផុតសម្រាប់ការធានាថា វ៉ាក់សាំងដែលត្រូវបានរកឃើញ គឺជាទំនិញសាធារណៈ និងមានចរិតសកល ដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយ ក្នុងស្មារតីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេស ចំពោះប្រទេសដែលងាយរង-គ្រោះបំផុត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន, ជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលដល់គ្រប់ប្រទេស និងបានធ្វើឱ្យមនុស្ស រាប់សែននាក់បាត់បង់ជីវិត។ ក្នុងន័យនេះ, កម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ មិនគួរត្រូវបានប្រទេស ណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ ខ្លួននោះឡើយ។ ខណៈដែលជីវិតមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកកំពុងស្ថិតនៅក្នុងហានិភ័យ, ការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេ លើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ។ ផ្ទុយទៅវិញ, សាមគ្គីភាព និង ឯកភាពគ្នាក្នុងតំបន់ និងជា សកល គឺជាធាតុសកម្មមិនអាចខ្វះបាន នៅក្នុងអំឡុងពេលនៃវិបត្តិបែបនេះ។

បន្ថែមលើនេះ, ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវការសម្រេចចិត្តរួមគ្នា, ប្រកបដោយភាពហ្មត់ចត់, ក្រោមយន្តការពហុភាគីនិយម, និងការគោរពច្បាប់អន្តរជាតិ, គោរពអធិប តេយ្យភាពរបស់រដ្ឋនីមួយៗ, ទោះជារដ្ឋនោះ ធំ ឬ តូច, មាន ឬ ក្រ ក៏ដោយ, ដោយមាន អសប និង អង្គការសុខភាពពិភពលោក ជាស្នូល ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) ក្នុងការស្នើឱ្យមានសម័យប្រជុំពិសេសស្តីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» នេះ ដើម្បីប្រមូលផ្តុំការឆ្លើយតបជារួម និង សកល ពីសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២