សហរដ្ឋអាមេរិកត្រៀមដាក់ទណ្ឌកម្មថ្មីលើមន្រ្តីចិនជុំវិញការបង្ក្រាបនៅហុងកុង

បរទេស៖ សហរដ្ឋអាមេរិកកំពុងត្រៀមដាក់ទណ្ឌកម្មទៅលើមន្រ្តីចិនជាច្រើននាក់ជុំវិញការដកសិទ្ធិអំណាចរបស់សមាជិកសភានៃគណបក្សប្រឆាំងដែលជាប់ឆ្នោតនៅទីក្រុងហុងកុង នេះបើយោងតាមប្រភពបីដែលរួមមានមន្ត្រីសហរដ្ឋអាមេរិកម្នាក់ដែលបានដឹងអំពីបញ្ហានេះ។យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន reutersនៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

ការដាក់ទណ្ឌកម្ម អាចនឹងកើតឡើងនៅថ្ងៃច័ន្ទនេះ ទៅលើមន្ត្រីមកពីគណបក្សកុម្មុយនីស្តចិន (CCP) ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ ត្រាំនៅតែរក្សាសម្ពាធទៅលើទីក្រុងប៉េកាំងនៅសប្តាហ៍ចុងក្រោយរបស់លោកនៅក្នុងការិយាល័យ  ខណៈ ប្រធានាធិបតីជាប់ឆ្នោត Joe Biden នឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុននេះ។

ប្រភពព័ត៌មានបាននិយាយថាមន្ត្រីចិន ១៤ នាក់រាប់បញ្ចូលទាំងមន្រ្តីនៃសភាចិន និងសមាជិកនៃ CCP ទំនងជាត្រូវបានដាក់ទណ្ឌកម្ម ដូចជាការបង្កកទ្រព្យសម្បត្តិ និងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មន្ត្រីជាច្រើននាក់នឹងត្រូវបានដាក់ទណ្ឌកម្ម រួមបញ្ចូលទាំងមន្រ្តីមកពីហុងកុងក៏ដូចជាចិនដីគោកផងដែរ។ ប្រភពទាំងនោះមិនបានប្រាប់ឈ្មោះឬមុខតំណែងរបស់អ្នកដែលត្រូវបានកំណត់គោលដៅសម្រាប់ការដាក់ទណ្ឌកម្មនោះទេ។  រដ្ឋាភិបាលហុងកុងកាលពីខែមុនបានបណ្តេញសមាជិកសភាប្រឆាំង ៤ រូបចេញពីស្ថាប័ននីតិប្បញ្ញត្តិរបស់ខ្លួនបន្ទាប់ពីសភារបស់ប្រទេសចិនបានផ្តល់អំណាចដល់អាជ្ញាធរក្រុងថ្មីដើម្បីទប់ស្កាត់ពីការតវ៉ាប្រឆាំង។ ការផ្លាស់ប្តូរនេះបានបណ្តាលឱ្យមានការលាលែងពីសំណាក់សមាជិកសភាគណបក្សប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនរូបផងដែរ។

គួរជម្រាបថា  កាលពីខែសីហា  រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មរួចហើយទៅលើនាយកប្រតិបត្តិហុងកុងលោកស្រី Carrie Lam, អតីតមេបញ្ជាការ និងមន្រ្តីជាន់ខ្ពស់ដទៃទៀត  នឹងនៅក្នុងខែវិច្ឆិកាសហរដ្ឋអាមេរិក ​បានដាក់ទណ្ឌកម្មលើមន្រ្តីចិន ៤ រូបបន្ថែមទៀតក្នុងរដ្ឋាភិបាលហុងកុង ដោយរារាំងពួកគេពីការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងបង្កករាល់ទ្រព្យសម្បត្តិដែលទាក់ទងនឹងសហរដ្ឋអាមេរិកដែលពួកគេមាន។ ទោះយ៉ាងណា  កន្លងមកទីក្រុងប៉េកាំងបានថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទាក់ទងនឹងហុងកុងដោយចាត់ទុកថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២