សម្តេច​តេ​ជោ​ហ៊ុន សែន នឹងធ្វើជា​ប្រធាន​ដឹកនាំ កិច្ចប្រជុំ​កំពូល នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ

ភ្នំពេញ​ ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ព្រមទាំងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ តាមរយៈប្រព័ន្ធវីដេអូ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹងចូលរួម​ផងដែរ ក្នុង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១០ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម ស្តីពី​ការអភិវឌ្ឍ​តំបន់ត្រីកោណ (CLV DTV) លើក​ទី​១១ ដែល​នឹង​រៀបចំឡើង​ស្របពេល​ជាមួយ​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៩ ហើយ​ដែល​កិច្ចប្រជុំ​កំពូល​ទាំងពីរ​នេះ នឹងត្រូវ​ដឹកនាំ​ដោយ​លោក​បណ្ឌិត ថង​លូន ស៊ី​សុ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​ក្រោម​មូលបទ «​ភាពជា​ដៃគូ​ដើម្បី​ការតភ្ជាប់ និង​ភាពរឹងមាំ​» កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៩ នឹង​ពិនិត្យឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក និង​នាពេល​អនាគត ជាពិសេស​លើ​វិធី និង​មធ្យោបាយ​ដើម្បី​ពង្រឹង​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ ACMECS លើ​គ្រប់​វិស័យ​ដែល​នឹង​ដើរតួនាទី​ជា​ក្របខណ្ឌ​សាមគ្គីភាព​ដ៏​សំខាន់ សម្រាប់​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ជំរុញ​ការអភិវឌ្ឍ​រួមគ្នា​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ នឹងមាន​ពិធី​ផ្ទេរតំណែង​ប្រធាន​កិច្ចប្រជុំ​កំពូល ACMECS ពី​ប្រទេស​កម្ពុជា ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​១០ ធ្វើឡើង​ក្រោម​មូលបទ «​ការលើកកម្ពស់​ការតភ្ជាប់​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​សមាហរណកម្ម​តំបន់​» នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​សមិទ្ធផល​នានា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ និង​កំណត់​ទិសដៅ​នាពេល​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ CLMV ដោយ​ពិចារណា​ទៅលើ​វិបត្តិ​សុខភាព​ពិភពលោក ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ និង​ផែនការ​ស្តារ​ប្រទេស​ខ្លួន​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​នេះ​។ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នឹង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​នេះ​នៅពេល​បន្ទាប់​៕​

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២