ព្រឹកនេះ មានអ្នកទៅធ្វើតេស្ត លើកទី២ ជាច្រើន នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ នេះ អ្នកទៅធ្វើតេស្ត លើកទី២ នៅក្រៅរបងពហុកីឡដ្ឋានជាតិអូឡាំពិក ឬ ស្តាតអូឡាំពិក ច្រើនរហូតដល់ត្រូវប្រជ្រៀតគ្នាដូចទិដ្ឋភាព នៅ ក្រសួងមហាផ្ទៃ ម្សិលមិញដែរ។ ប៉ុន្តែពួកគេពាក់ម៉ាសទាំងអស់គ្នា។

បើនៅក្នុងរបងស្តាត ក្នុងបរិវេណ ដែលរៀបចំធ្វើតេស្តគឺមាន របៀបរៀបរយល្អ អ្នកចូលរួមទាំងអស់ ពាក់ម៉ាស របាំងមុខ ហើយរក្សាគម្លាតសុវត្ថិភាព បាន ត្រឹមត្រូវល្អ។

ការទៅធ្វើតេស្តនេះ សូមបងប្អូន កុំប្រជ្រៀតគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាពឲ្យយ៉ាងតិច ១ម៉ែត្រកន្លះ ពីម្នាក់ទៅម្នាក់ ព្រោះថា បើនៅកៀកជិតគ្នា អាចនឹងឆ្លង មេរោគ បើសិនជានរណាម្នាក់ កើតជំងឺកូវីដ។

សូមរម្លឹកថា អ្នកប៉ះពាល់ ទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្ត ជាលើកទី២ នៅថ្ងៃទី៨ ខែធ្នូនេះ ដែលក្រសួងសុខាភិបាល រៀបចំទីតាំងនៅបរិវេណ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនិងនៅតាមមន្ទីរសុខាភិបាលខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងនៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត)។

ក្នុងនោះ អ្នកធ្វើ តេស្ត លើក ទី ១ គិតពី ថ្ងៃទី ២៩ វិច្ឆិកា ដល់ ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២០ មាន ជាង ១១០០០ នាក់ ។ យោងតាសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល បានអោយដឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ រកឃើញករណីវិជ្ជមាន អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ២នាក់ទៀត មានឈ្មោះ សៀន គឹមស្រ៊ុន អាយុ២២ឆ្នាំ បានទៅហាង Zendo បឹងកេងកង និងឈ្មោះ អៀម ធីតា អាយុ៣៥ឆ្នាំ បានទៅហាង Pedro ហើយថ្ងៃនេះក៏មានអ្នកជាសះស្បើយម្នាក់ដែរ។ សូមបញ្ជាក់ថា កម្ពុជារកឃើញអ្នកមានវីរុសកូវីដ១៩ ចំនួន៣៥០នាក់ ជាសះស្បើយ ចំនួន ៣០៧នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៤៣នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២