ប៉ូលិសហុងកុងចាប់ខ្លួនសកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យ ៨ នាក់បន្ថែមទៀតជុំវិញការប្រឆាំងតវ៉ាកាលពីឆ្នាំមុន

ហុងកុង៖ ប៉ូលីសហុងកុងបានចាប់ខ្លួនសកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យ ៨ នាក់បន្ថែមទៀត នៅថ្ងៃអង្គារនេះ ជុំវិញការប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំមុន ខណៈដែលមេសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោលោក Joshua Wong ត្រូវបានតុលាហុងកុងសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយ:ពេល១៣ ខែកន្លះ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន reutersនៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។

ប៉ូលីសមិនបានបង្ហាញអត្តសញ្ញាណសកម្មជនទាំង ៨ នាក់ឡើយ ដោយគ្រាន់តែនិយាយថាពួកគេមានអាយុចន្លោះពី ២៤ ទៅ ៦៤ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាអតីតសមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនិងសកម្មជនជើងចាស់ឈ្មោះ Leung Kwok-hung គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន។

ចំណាត់ការនេះធ្វើឡើងបន្ទាប់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបីរូបផ្សេងទៀតរួមមានលោក Joshua Wong កញ្ញា Agnes Chow និងលោក Ivan Lam ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពីបទរៀបចំបាតុកកម្ម ដែលកើតឡើងនៅខាងក្រៅការិយាល័យកណ្ដាលប៉ូលិសក្រុងហុងកុង កាលពីខែមិថុនា ឆ្នាំ២០១៩។ លោក Wong ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយ:ពេល១៣ ខែកន្លះ។ កញ្ញា Chow ឲ្យជាប់ពន្ធនាគារចំនួន ១០ខែ និងលោក Lam ជាប់ពន្ធនាគារចំនួន ៧ខែ។

រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់សន្តិសុខជាតិថ្មី នៅក្នុងខែមិថុនាកន្លងទៅ ដោយចាត់ទុកថា ជាការចាំបាច់ណាស់ក្នុងការគ្រប់គ្រងប្រព័ន្ធការពារសន្តិសុខជាតិនៅទីក្រុងហុងកុង។ ច្បាប់ថ្មីនេះនិងផ្តន្ទាទោសនូវអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថាជាការធ្វើអបគមន៍ អំពើភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេស ដែលអាចមានទោស ជាប់គុកមួយជីវិតផងដែរ។

សូមជម្រាបថា ការចាប់ខ្លួន និងផ្តន្ទាទោស លោក Joshua Wong និងសកម្មជនដទៃទៀតបានធ្វើឱ្យមានការរិះគន់ពីសហរដ្ឋអាមេរិក, អង់គ្លេស និងបណ្តាប្រទេសលោកខាងលិច ដោយចោទប្រកាន់ប្រទេសចិនថាមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យទីក្រុងហុងកុងមានស្វ័យភាពពេញលេញ នៅពេលដែល អង់គ្លេសបានប្រគល់ការគ្រប់គ្រងទៅឲ្យប្រទេសចិនវិញក្នុងឆ្នាំ ១៩៩៧ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២