ខេត្តក្រចេះ ៖ ករណីឃាតកម្ម សម្លាប់បងថ្លៃជីដូនមួយ រួចដុតកម្ទេចសាកសពចោល ជាមួយនឹងម៉ូតូ១គ្រឿង នៅក្នុងចម្ការកៅស៊ូ កាលពីឆ្នាំ២០១៩កន្លងទៅ ហើយគេចខ្លួន ប៉ុន្តែដូចពាក្យចាស់ពោលថា កុកភ្លេចជុង ប៉ុន្តែជុង មិនភ្លេចកុក ទេ គឺត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអោយដឹងថា ជនសង្ស័យ ជាជនដៃដល់ ឈ្មោះបូ ណារិន ហៅធី អាយុ២៣ឆ្នាំ រស់នៅឃុំស្រចារ ស្រុកស្នួល ត្រូវសមត្ថកិច្ច ចាប់ខ្លួនបាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាពមានរយៈពេលជាង១ឆ្នាំ។ មូលហេតុដែលឈានឲ្យមានអំពើឃាតកម្មនេះ គឺដោយសារខឹងជនរងគ្រោះជំពាក់លុយចំនួនន១០ម៉ឺនរៀល តែមិនព្រមសងវិញ។ ចំណែកបុរសរងគ្រោះនោះ ឈ្មោះ ខុម សិទ្ធិ អាយុ ២៣ ឆ្នាំ មានលំនៅក្នុងភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
សូមរំលឹកថា ហេតុការណ៍ខាងលើនេះ កើតឡើង កាលពីថ្ងៃទី២៦ ខែមិថុនា អ្នកភូមិបានប្រទះឃើញសពយុវជនម្នាក់ ត្រូវគេដុតឆេះខ្លោចក្នុងចម្ការកៅស៊ូមួយ នៅជាប់ព្រំប្រទល់ភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ស្ថានភាពសាកសពត្រូវគេដុតខ្លោចរួញនៅក្បែរម៉ូតូរបស់គាត់ហើយរឿងនេះជាករណីមនុស្សឃាត។ ចំពោះស្ថានភាពសាកសពត្រូវគេដុតឆេះខ្លោចមើលលែងស្គាល់។ រីឯម៉ូតូរបស់ជនរងគ្រោះវិញម៉ាក DH ចាស់ ១ គ្រឿង ក៏ត្រូវដុតឆេះផងដែរ៕


