(អាមេរិក)៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានសន្យានឹងចាក់វ៉ាក់សាំងដល់ប្រជាជនអាមេរិក ១០០ លាននាក់ និងអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញជាមួយនិងវិធានការណ៍ពាក់ម៉ាសការពារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក្នុងកំឡុងពេល ១០០ ថ្ងៃដំបូង ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រី៕នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន reutersនៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
ប្រធានាធិបតីជាប់ឆ្នោតរូបនេះបានចូលរួមសន្និសីទសារព័ត៌មានមួយនៅរដ្ឋ Delaware ដែលក្នុងអំឡុងពេលនោះ លោកបានប្រកាសណែនាំអគ្គរដ្ឋអាជ្ញារដ្ឋកាលីហ្វ័រនីញ៉ាលោក Xavier Becerra ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី Rochelle Walensky ជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC)។
លោក ចូ បៃដិន បាននិយាយថា “១០០ថ្ងៃដំបូងរបស់ខ្ញុំនឹងមិនអាចបញ្ចប់ COVID-19 បានទេ…. ខ្ញុំមិនអាចសន្យាបានឡើយ…. ១០០ថ្ងៃដំបូង យើងអាចផ្លាស់ប្តូរទិសដៅនៃជំងឺនេះ និងផ្លាស់ប្តូរជីវិតរស់នៅអាមេរិកឲ្យកាន់តែប្រសើរ”។ លោក ចូ បៃដិន បានគូសបញ្ជាក់បន្ថែមទៀតថា សភាអាមេរិកនឹងអនុម័តឲ្យធ្វើការបញ្ជូនវ៉ាក់សាំង COVID-19 ទៅគ្រប់ទិសទីទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក។
សូមជម្រាបថា ប្រធានាធិបតីជាប់ឆ្នោតរបស់បក្សប្រជាធិបតេយ្យរូបនេះ ក៏បានសន្យាផងដែរថា លោកនឹងជំរុញឲ្យបើកសាលារៀនឡើងវិញ ព្រមទាំងវិធានការណ៍ពាក់ម៉ាសការពារបន្ថែមទៀត ដើម្បីកាត់បន្ថយការឆ្លងរាតត្បាតនៃ COVID-19 ដែលកំពុងញំញីនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នជំងឺCOVID-19 បានសម្លាប់ជនជាតិអាមេរិកជាង ២៨៣,០០០ នាក់ និងបណ្តាលឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារផងដែរ៕