ពលករខ្មែរម្នាក់ ដែលទើបមកពីប្រទេសម៉ាឡេស៊ី ហើយបានលោត ពីកន្លែងធ្វើចត្តាឡីស័ក គឺជារឿងផ្ទាល់ខ្លួន មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ

ភ្នំពេញ ៖ ពលករខ្មែរម្នាក់ ដែលទើបមកពីប្រទេសម៉ាឡេស៊ី ហើយក្រសួង សុខាភិបាល តម្រូវឱ្យធ្វើ ចត្តាឡីស័ក នៅសណ្ឋាគារឡុង លីវ តាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានលោកត ចុះលោតពីលើសណ្ឋាគារ បណ្តាលឱ្យ ធ្លាយដំបូលសាលារៀន សុធារស បណ្តាលអោយរងរបួសធ្ងន់។

ចំពោះករណីខាងលើនេះ ត្រូវបាន លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ស្រាយបំភ្លឺថា ៖ ដោយសារមានការសាកសួរច្រើនលើករណីបុរសធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតចុះពីជាន់ទី៥មក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្ន បានដឹងខ្លួន និងនិយាយបានខ្លះៗហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺ «គាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើ រវាយ របស់គាត់មកពីឥទ្ធិពលនៃការប្រើប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ។

លោកស្រី ឱ វណ្ណឌីន បន្តថា ការធ្វើតេស្តទឹកនោមគាត់ គឺឃើញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។ គាត់មានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២