កម្ពុជា នឹងមានរោងចក្រអគ្គិសនីដុតធ្យូងថ្ម តម្លៃ ១ពាន់លានដុល្លារ នៅខេត្តកោះកុង គម្រោងនេះ នឹងបង្កើតការងាររហូត ៣៦០កន្លែង

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ថ្មីមួយទៀតតម្លៃ ១ពាន់ លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយគម្រោងនេះ នឹងបង្កើតការងាររហូត ៣៦០កន្លែង។

ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការប្រើប្រាស់ថាមពលអគ្គិសនីនៅឆ្នាំ២០២០នេះ ពុំខ្វះខាតនោះឡើយ ប៉ុន្តែនៅពេលដែលកម្ពុជាមានការអភិវឌ្ឍកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ ហើយការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា មិនមានការអភិវឌ្ឍឲ្យទាន់ទៅនឹងតម្រូវការប្រើប្រាស់ទេនោះ ពិតណាស់ វានឹងមានការខ្វះខាតថាមពល ប៉ុន្តែយ៉ាងណា កម្ពុជាគឺមានផែនការមេ ដែលនឹងត្រូវធ្វើជាបន្តបន្ទាប់គ្នាដែរ សម្រាប់វិស័យថាមពលមួយនេះ។

ឯកឧត្តម បានឲ្យដឹងទៀតថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតថាមពលអគ្គិសនី ជាច្រើនកន្លែង នៅទូទាំងប្រទេស ដូចជានៅខេត្តព្រះសីហនុ មានរោងចក្រធ្យូងថ្មចំនួន ៣កន្លែងរួចហើយ។ រោងចក្រអគ្គិសនី ដែលបានភ្ជាប់បណ្តាញជាតិ គឺមានគ្រប់ខេត្តក្រុងទាំងអស់ រាប់ទាំងរោងចក្រផលិតអគ្គិសនីពីសូឡា ពីប្រេង ពីធ្យូងថ្ម និងពីប្រេងខ្មៅជាដើម។

តាមរយៈការសិក្សារបស់អគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កំណើននៃតម្រូវការថាមពលរបស់កម្ពុជា ស្ថិតក្នុងកំណើនចន្លោះពី១៦ ទៅ១៨ភាគរយ ដែលអាចនិយាយបានថា នៅឆ្នាំ២០៣០ខាងមុខ កម្ពុជានឹងមានតម្រូវការថាមពលរហូតជាង ១ម៉ឺន ២ពាន់ មេហ្គាវ៉ាត់ ដែលទំហំនេះ នឹងអាចគ្រប់គ្រាន់ ប៉ុន្តែក៏ត្រូវធ្វើផែនការច្បាស់លាស់ ដើម្បីផលិតថាមពលពីប្រភពណាមួយផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២