ទីបំផុត បុគ្គលឈ្មោះនី ណាក់ ត្រូវបានតុលាការ សម្រេចចោទប្រកាន់ ចំនួន២បទល្មើស គឺ បទញុះញង់អោយមានការរើសអើង និង បទជេរប្រមាថជាសាធារណៈ

ភ្នំពេញ៖ ទីបំផុត បុគ្គលឈ្មោះនី ណាក់ដែលប្រើហ្វេសប៊ុកផេក Iman-KH ត្រូវបាន លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ចំនួន២បទល្មើស គឺ បទញុះញង់អោយមានការរើសអើង និង បទជេរប្រមាថជាសាធារណៈតាមមាត្រា តាមមាត្រា៤៩៤ មាត្រា៤៩៦ និង មាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ។ ពេលនេះ ជនត្រូវចោទនិងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

ហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើមកំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់»។

សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នា និង អះអាងថា កំពុងឌឺដង ឬ ផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
បុគ្គល នី ណាក់ នេះ កន្លងមក តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និង ស្ថាប័ន រដ្ឋ ជាញឹកញាប់ តែហាក់គ្មានអ្វីកើតឡើងចំពោះបុគ្គលម្នាក់នេះទាល់តែសោះ ខណៈកន្លងមកក៏ធ្លាប់បានធ្វើលិខិត សុំទោស ជាសាធារណៈ ផងដែរ ដោយសារសំដីព្រហើនបែបនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២