សម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់បន្ថយ ផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ កម្ពុជា បានប្តេជ្ញារៀបចំយុទ្ធសាស្ត្រ រយៈពេលវែង ហើយកម្ពុជាបានបញ្ចូលនូវគោលដៅថ្មីច្បាស់លាស់ពាក់ព័ន្ធនឹការកាត់បន្ថយនេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា នៅក្នុង របាយការណ៍ បច្ចុប្បន្នភាព ស្តីពីការចូលរួមចំណែករបស់ជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀមដាក់ជូនទៅលេខាធិការដ្ឋាន អនុសញ្ញា សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នាដំណាច់ឆ្នាំនេះ កម្ពុជាបានបញ្ចូលនូវគោលដៅថ្មីច្បាស់លាស់ពាក់ព័ន្ធនឹងការកាត់បន្ថយ ការ បញ្ចេញឧស្ម័ន ប្រមាណ ៣៨,៩ លានតោនសមមូលឧស្ម័នកាបូនិក រួមបញ្ចូលទាំងក្នុងវិស័យព្រៃឈើ, វិស័យ សំណល់ និងកសិកម្ម ឬ ស្មើនឹង ១៨ភាគរយ ធៀបនឹងសេណារីយ៉ូតាមទម្លាប់ធម្មតា (Business As Usual) នៅត្រឹមឆ្នាំ ២០៣០ ។ គោលដៅថ្មីនេះក៏រួមបញ្ចូលការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញចំនួន ២៥ ភាគរយ នៅក្នុងល្បាយថាមពល (Energy Mix) នៅឆ្នាំ២០៣០។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុង “កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ” តាមរយៈ ប្រព័ន្ធវីដេអូអនឡាញ យើងទាំងអស់គ្នាបានឯកភាពថា ការប្រែប្រួលអាកាសធាតុគឺជាការពិត ។ ប្រទេសជាច្រើនបានទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ រួមទាំងកម្ពុជា ដែលទើបតែរងនូវផលប៉ះពាល់ ដោយទឹកជំនន់នាពេល ថ្មីៗនេះ ។ ទោះបីជាប្រទេសកម្ពុជាចូលរួមចំណែកតិចតួចក្នុងការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់សកលក្តី កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ អាស្រ័យតាមធនធាន និងសមត្ថភាព ចូលរួមដោះស្រាយនូវបញ្ហានេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទន្ទឹមនេះដែរ ការប្រែប្រួលអាកាសធាតុជាបាតុភូតប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមមធ្យោបាយជាកញ្ចប់គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម, សេដ្ឋកិច្ច និងបរិស្ថាន។ ជាការពិតការដោះស្រាយបញ្ហា ដែលកើតចេញពីការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចិរភាព និងបរិយាប័ន្ននាពេលអនាគត។ ក្នុងន័យនេះ កាប្រែប្រួលអាកាសធាតុជាបញ្ហារបស់យើងទាំងអស់គ្នា ប្រទេសទាំងអស់ត្រូវតែស្រុះដៃគ្នា និងអនុវត្តនូវកាតព្វកិច្ចរបស់ប្រទេសនីមួយៗ ដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្ត , យន្តការនានា និងកិច្ចព្រមព្រៀងកន្លងមក។ ក្នុងស្មារតីជាប្រទេស ដែលមានការទទួលខុសត្រូវខ្ពស់ និងកាត់បន្ថយនូវផលប៉ះពាល់ ពីការប្រែប្រួល អាកាសធាតុ ជាអតិបរិមា កម្ពុជាបានប្តេជ្ញារៀបចំយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន (Carbon Neutrality) ដែលការរៀបចំនេះនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២១ ។ ដើម្បីឱ្យការអនុវត្តនូវយុទ្ធសាស្រ្តរយៈពេលវែងនេះទទួលបានជោគជ័យ កម្ពុជាសូមអំពាវនាវប្រទេសអភិវឌ្ឍន៍ ទាំងអស់ បំពេញឱ្យបានពេញលេញនូវកាតព្វកិច្ច ដែលបានសន្យា ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២