លោក Donald Trump និងមន្ត្រីជាន់ខ្ពស់អាមេរិក នឹងទទួលបានការវ៉ាក់សាំងCOVID-19 នៅដើមសប្តាហ៍នេះ

(វ៉ាស៊ីនតោន)៖  ប្រធានាធិបតីអាមេរិកលោក Donald Trump និងមន្ត្រីជាន់ខ្ពស់អាមេរិកដទៃទៀត នៅថ្ងៃចន្ទនេះនឹងត្រូវទទួលការចាក់វ៉ាក់សាំង COVID-19 ដែលទើបត្រូវបានអនុម័តថ្មី ដោយរដ្ឋបាលឱសថ និងចំណីអាហារ (FDA) ខណៈបុគ្គលិកនៅសេតវិមាននិងមន្ត្រីមួយចំនួនទៀតនៃរបស់រដ្ឋាភិបាលលោកនឹងត្រូវចាក់វ៉ាក់សាំងក្នុងរយៈពេល ១០ ថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

មន្ត្រីកំពូលៗនៃសេតវិមាន និងមន្ត្រីសំខាន់ៗមួយចំនួនទៀតនៃរដ្ឋបាលលោក Donald Trump នឹងទទួលការចាក់វ៉ាក់សាំងCOVID-19 នៅថ្ងៃចន្ទនេះ ទោះជាបែបនេះក្តី គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើលោក Donald Trump នឹងទទួលការចាក់វ៉ាក់សាំងភ្លាមៗ ឬក៏យ៉ាងណានោះទេ ខណៈដែលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harrisព្រមទាំងមន្ត្រីនៃរដ្ឋបាលរបស់លោកធ្លាប់បានប្រកាសរួចហើយថា នឹងធ្វើការចាក់វ៉ាក់សាំង COVID-19 រួចផ្សាយផ្ទាល់ជូនប្រជាពលរដ្ឋអាមេរិកទស្សនា ដើម្បីជាការបង្កើនទំនុកចិត្ត។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទ ទី១៤នេះ សហរដ្ឋអាមេរិកបានចាប់ផ្ដើមដឹកជញ្ជូន និងចែកចាយវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer/BioNTech ទៅកាន់រដ្ឋនីមួយៗនៅទូទាំងប្រទេស ខណៈ បុគ្គលិកសុខាភិបាល, អ្នកនៅជួរមុខប្រយុទ្ធជាមួយ COVID-19 និងមនុស្សងាយរងគ្រោះ ត្រូវបានគេជឿជាក់ថានឹងទទួលការចាក់វ៉ាក់សាំងជាអាទិភាព៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២