អង្គបោះឆ្នោតសហរដ្ឋអាមេរិក ទទួលស្គាល់ជ័យជំនះ របស់លោក Joe Biden ជាផ្លូវការ

អាមេរិក៖ នៅថ្ងៃអង្គារនេះ អង្គបោះឆ្នោតសហរដ្ឋអាមេរិក បានសម្រេចជ្រើសរើសលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យជាប្រធានាធិបតីសហរដ្ឋអាមេរិកផ្លូវការដោយផ្អែកលើលទ្ធផលនៃការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០២០។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ChannelNewsAsia នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។

លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីទទួលបានសំឡេងអង្គបោះឆ្នោតលើស២៧០សំឡេងដែលចាំបាច់សម្រាប់ការចូលកាន់តំណែងនៅសេតវិមាន បន្ទាប់ពីអង្គបោះឆ្នោតបានបោះឆ្នោតដោយផ្អែកលើលទ្ធផលការប្រកួតប្រជែងកាលពីខែវិច្ឆិកានៅក្នុងរដ្ឋរបស់ពួកគេរៀងៗខ្លួន ដោយលោក Joe Biden ទទួលបាន ៣០៦សម្លេងឆ្នោតនៃអង្គបោះឆ្នោត និងលោក Trump ទទួលបាន២៣២សម្លេង លទ្ធផលទាំងនោះនឹងត្រូវបានបញ្ជាក់នៅថ្ងៃអង្គារនេះ ហើយបញ្ជូនទៅសភា និងទៅតុលាការ។ សភានឹងបញ្ជាក់លទ្ធផលរបស់អង្គបោះឆ្នោតនៅថ្ងៃទី៦ខែមករាដែលជាជំហានបន្ទាប់នៃដំណើរការផ្ទេរអំណាចប្រធានាធិបតីសហរដ្ឋអាមេរិក។

សូមជម្រាបថា កាលពីចុងខែមុន លោក Trump បាននិយាយថាលោកនឹងចាកចេញពីសេតវិមានប្រសិនបើអង្គបោះឆ្នោត បោះឆ្នោតឱ្យលោក Biden ជាអ្នកឈ្នះ បើទោះបីជាលោកបានប្រកាសបែបនេះក្តី ប៉ុន្តែលោកនៅតែប្រកាន់ជំហរមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងទៅ ជាមួយការរំពឹងទុកថា អាចនឹងបញ្ចុះបញ្ចូលឱ្យសភាអាមេរិកកុំទទួលស្គាល់លទ្ធផលបោះឆ្នោតនេះផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២