សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាំកូវីដ-១៩បានបញ្ចប់ ចាំរៀបចំពិធីធំដុំតាមក្រោយ ក៏មិនយឺតពេលដែរ អ្នកដែលត្រូវរៀបចំអាពាហ៍ពិពាហ៍ គួររៀបចំតាមគន្លងថ្មី បើសិនកូនៗពិបាករង់ចាំ ដោយធ្វើពិធីក្នុងរង្វង់គ្រួសារ

ភ្នំពេញ ៖ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសផ្ញើជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ ដោយមានការផ្សាយផ្ទាល់ តាមទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញទូរទស្សន៍ស្ទើរទាំងអស់នៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ថា ចាំកូវីដ-១៩បានបញ្ចប់ ចាំរៀបចំពិធីធំដុំតាមក្រោយ ក៏មិនយឺតពេលដែរ ចំពោះអ្នកដែលត្រូវរៀបចំអាពាហ៍ពិពាហ៍ គួររៀបចំតាមគន្លងថ្មី បើសិនកូនៗពិបាករង់ចាំ ដោយធ្វើពិធីក្នុងរង្វង់គ្រួសារ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជួនកាលអ្នកខ្លះ បានខកទៅហើយ ក្នុងការរៀបអាពាហ៍ពិពាហ៍ ដូច្នេះសែនព្រេងបន្ដិចបន្ដួចក៏បាន ព្រោះការសែនព្រេង អាចចាត់ទុកដូចបានការដូចគ្នា ហើយបើសិនជាចង់រៀបចំពិធីធំ ចាំកូវីដចប់សិន ក៏មិនទាន់យឺតពេលដែរ។

សម្ដេចតេជោ បានឲ្យដឹងទៀតថា កាលដែលសម្ដេចការ គឺការរហូតដល់១៣គូ ក្នុងពេលតែមួយឯណោះ ហើយគ្មានអ្នកណាដេញថ្ងៃនោះឡើយ តែសម្ដេចនៅតែសុខ ជាមួយប្ដី-ប្រពន្ធជារៀងរហូត និងមានចៅរហូតដល់២២នាក់ ដែលមានចៅច្រើនជាងគេ ក្នុងចំណោមមេដឹកនាំបណ្ដាប្រទេសអាស៊ី។

សូមបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បានចេញបទបញ្ជាបន្ទាន់មួយ ដោយប្រកាសមិនអនុញ្ញាតឲ្យមាន ការជួបជុំមនុស្សច្រើន មិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល១៥ថ្ងៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២