អាមេរិក៖ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលមានសុវត្ថិភាពនិងមានប្រសិទ្ធភាព៩៥ភាគរយប្រឆាំងនឹង COVID-19 អាចក្លាយជាវ៉ាក់សាំងការពារទី២ដែលនឹងត្រូវបានអនុញ្ញាត្តឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានBCC នៅថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
ដំណឹងនេះកើតឡើងមួយថ្ងៃបន្ទាប់ពីជនជាតិអាមេរិកនៅទូទាំងប្រទេសបានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នេះមិនទាមទារឲ្យមានការរក្សាទុកក្នុងស៊ីតុណ្ហភាពត្រជាក់ខ្លាំង ដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech នោះទេ ដោយទាមទាររក្សាក្នុងស៊ីតុណ្ហភាពប្រហែល -២០អង្សាសេតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ចំនួនអ្នកស្លាប់ដោយ COVID-19នៅសហរដ្ឋអាមេរិកកើនលើស៣០០,០០០នាក់ហើយ ខណៈអ្នកឆ្លងសរុបជាង១៧លាននាក់។
គួរជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការវ៉ាក់សាំង(FDA) ដែលនឹងបើកការពិភាក្សាអំពីវានៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីសម្រេចថាតើត្រូវសម្រេចអនុញ្ញាតឲ្យប្រើប្រាស់ ឬយ៉ាងណា។បើវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នេះត្រូវបានអនុម័តឲ្យប្រើប្រាស់ ដោយរដ្ឋបាលចំណីអាហារនិងឪសថរបស់ហរដ្ឋអាមេរិក (FDA) នោះវានឹងក្លាយជាវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ទី២ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក៕