(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron ត្រូវបានវិមាន Elysee ប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា បានឆ្លងជំងឺ COVID-19 ហើយ ដោយពេលនេះលោកកំពុងស្នាក់នៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាលរយៈពេល ០៧ថ្ងៃ ខណៈដែលប្រធានាធិបតីបារាំងរូបនេះបានចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះរួមទាំងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។
វិមានរដ្ឋាភិបាលបារាំងប្រកាសថា លោកប្រធានាធិបតីរបស់យើង បានទទួលការធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 នៅថ្ងៃនេះតែម្តងដែលលោកបានទទួលការធ្វើតេស្តរក COVID-19 ក្រោយពេលលោកចេញអការៈសង្ស័យដំបូងៗ ពាក់ព័ន្ធជំងឺរាតត្បាតសកលនេះ។ប៉ុន្តែគេមិនទាន់ដឹងថាតើលោក Macron បានឆ្លងវីរុសនេះយ៉ាងដូចម្តេចនោះទេ។ ពេលនេះ Macron តម្រូវឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល ០៧ថ្ងៃ ដើម្បីទទួលការព្យាបាលខនៈលោកប្រធានាធិបតីរូបនេះ នៅតែអាចបំពេញការងារបានពីចម្ងាយ។
សូមជម្រាបថា ប្រធានាធិបតីបារាំងលោក Macron បានជួបជាមួយប្រជុំជាមួយប្រមុខដឹកនាំរបស់សហភាពអ៊ឺរ៉ុបជាច្រើនរូបនៅក្នុងសប្តាហ៍នេះដែលរួមមាន ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel, នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sánchez និងអគ្គលេខាធិការអង្គការ OECD លោក Angel Gurría នឹងបានជម្រុញអោយមេដឹកនាំទាំងអស់ ធ្វើចត្តាឡីស័ក និងធ្វើតេស្តិ៍ដោយខ្លួនឯងផងដែរ៕