WHO និងអង់គ្លេសកំពុងស្រាវជ្រាវរកប្រភពនៃវីរុស COVID-19 ថ្មីមួយប្រភេទ ដែលកំពុងរាតត្បាតក្នុងចក្រភពអង់គ្លេស

(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក WHO កំពុងធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រុមមន្រ្តីជំនាញចក្រភពអង់គ្លេស បន្ទាប់ពីការរកឃើញវីរុស COVID-19 ថ្មីមួយប្រភេទ ដែលហាក់មានសមត្ថភាពឆ្លងរាលដាលឆាប់រហ័សជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទទី២១ ខែធ្នូ ឆ្នាំ២០២០។

នៅថ្ងៃសប្តាហ៍នេះ រដ្ឋាភិបាលអង់គ្លេសបានប្រកាសពីការឆ្លងវីរុស COVID-19ប្រភេទថ្មីមួយ ដែលហាក់មានសមត្ថភាពឆ្លងរាលដាលឆាប់រហ័សជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ ជាង ១,១០០ ករណី ត្រូវបានរកឃើញបន្ទាប់ពីមានការកើនឡើងនូវករណីឆ្លងនៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសអង់គ្លេស ។

បន្ទាប់ពីអង់គ្លេសប្រកាសពីការឆ្លងវីរុស COVID-19 ប្រភេទថ្មី អង្គការ WHO បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមTwitter  យ៉ាងដូច្នេះថាក្រុមជំនាញវេជ្ជសាស្ត្រចក្រភពអង់គ្លេស នឹងបន្តចែករំលែកព័ត៌មានក៏ដូចជាលទ្ធផលនៃការវិភាគនិងការសិក្សារបស់ពួកគេ។ រីឯពួកយើងនឹងធ្វើបច្ចុប្បន្នភាពស្ថានភាពប្រាប់ដល់បណ្តារដ្ឋជាសមាជិក និងសាធារណជនទាំងឡាយ នៅពេលដែលយើងបានស្វែងយល់កាន់តែច្បាស់ថែមទៀត អំពីបុគ្គលិកលក្ខណៈនៃវីរុស COVID-19 ថ្មីនេះ ហើយនិងផលប៉ះពាល់ផ្សេងៗរបស់វា។

គួរជម្រាបថា មន្រ្តីវេជ្ជសាស្រ្តកំពូលរបស់អង់គ្លេសកាលពីថ្ងៃសៅរ៍បានប្រកាសថា ចក្រភពអង់គ្លេសបានកំណត់អត្តសញ្ញាណប្រភេទថ្មីនៃជំងឺកូវីដ ១៩ ដែលអាចរាលដាលលឿនជាងជំងឺកូវីដ ១៩ ធម្មតាទៅទៀតដែលជាហេតុនាំឲ្យនាយករដ្ឋមន្រ្តីលោក Boris Johnson អនុវត្តការរឹតបន្តឹងថ្មីលើផ្នែកខ្លះនៃប្រទេសដើម្បីគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩ប្រភេទថ្មីនេះផងដែរ ៕ 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២