គណៈកម្មការអឺរ៉ុប នៅថ្ងៃពុធនេះបានបើកទំនាក់ទំនងដឹកជញ្ជូនពាណិជ្ជកម្ម និងអ្នកដំណើរសំខាន់ៗជាមួយចក្រភពអង់គ្លេសឡើងវិញ ដើម្បីជាដំណោះស្រាយ ចំពោះភាពវឹកវរដែលបានធ្វើអោយកកស្ទះ រថយន្ដដឹកទំនិញរាប់ពាន់គ្រឿងនៅកំពង់ផែ Dover ដែលមមាញឹកជាងគេបំផុតរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
គណៈកម្មការអឺរ៉ុប ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដឹកជញ្ជូនទំនិញទៅនិងមក ជាមួយនិងចក្រភពអង់គ្លេស ត្រូវតែត្រូវបានអនុញ្ញាតឲ្យបន្តដំណើការដោយគ្មានការរំខាន ប៉ុន្តែរាល់ការធ្វើដំណើរដែលមិនចាំបាច់ គួរតែត្រូវបានជៀសវាង រហូតដល់មានការជូនដំណឹងបន្ថែមទៀត។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងមួយផ្សេងទៀតត្រូវបានធ្វើនៅទីក្រុងប៉ារីសដើម្បីអនុញ្ញាតឱ្យប្រជាជនបារាំងនិងសហគមន៍អ៊ឺរ៉ុបអាចធ្វើដំណើរចេញចូលចក្រភពអង់គ្លេសវិញបាន ប៉ុន្តែតម្រូវឱ្យពួកគេត្រូវការធ្វើតេស្តអវិជ្ជមានកូវីដ១៩ដែលមានរយៈពេលក្រោម ៧២ម៉ោងមុនពេលធ្វើដំណើរ។
គួរបញ្ជាក់ថា សហគមន៍អ៊ឺរ៉ុ និងបណ្តាប្រទេសជាច្រើននៅលើពិភពលោកបានសម្រេចហាមឃាត់ទាំងស្រុងរាល់អ្នកដំណើរមកពីអង់គ្លេស និងបានហាមឃាត់ជើងហោះហើរ មកពីចក្រភពអង់គ្លេសទាំងអស់ផងដែរ។ ការហាមឃាត់នេះត្រូវបានធ្វើឡើង ក្រោយចក្រភពអង់គ្លេសបានរាយការណ៍ អំពីការរកឃើញទម្រង់ថ្មីនៃវីរុសកូរ៉ូណា (COVID-19) ដែលមានសមត្ថភាពចម្លងលើសមុន រហូតដល់ទៅ ៧០ភាគរយ ដែលមានការរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងភាគខាងត្បូងនៃប្រទេសអង់គ្លេស៕