ឈីលី៖ អាជ្ញាធរឈីលីបានប្រកាសនៅដើមសប្តាហ៍នេះថា យ៉ាងហោចណាស់មនុស្សចំនួន ៥៨ នាក់ដែលស្ថិតនៅមូលដ្ឋានយោធានៅទ្វីបអង់តាក់ទិក និងនៅលើនាវាកងទ័ពជើងទឹកដែលបានធ្វើដំណើរទៅកាន់ទ្វីបនោះ ត្រូវបានធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០។
ប្រភពពីកងទ័ពប្រទេសឈីលីបានឲ្យដឹងនៅថ្ងៃច័ន្ទទី ២១ ធ្នូថាមនុស្សចំនួន ៣៦ នាក់នៅឯមូលដ្ឋាន Bernardo O’Higgins Riquelme ក្នងទ្វិបអង់តាក់ទិកបានធ្វើតេស្ត៍វិជ្ជមានកូវីដ១៩ ដោយឡែកកាលពីថ្ងៃអង្គារនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាលសម្រាប់តំបន់ Biobio ក្នុងប្រទេសឈីលីបាននិយាយថាមានអ្នកឆ្លងកូវីដ១៩ចំនួន ២១ នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងមនុស្សនៅលើនាវា Sergeant Aldea របស់កងទ័ពជើងទឹក ដែលបានធ្វើដំណើរទៅកាន់ទ្វីបនោះ ។
គួរជម្រាបថា បច្ចុប្បន្ននេះជំងឺ COVID-19 បានរាលដាលដល់គ្រប់ទីកន្លែងទាំងអស់នៅជុំវិញពិភពលោកតែម្តង បន្ទាប់មានករណីផ្ទុះឡើងដំបូងនៅទ្វីបអង់តាក់ទិកពេលនេះ ខណៈដែលគ្មានប្រទេសណាផ្សេងទៀតដែលឋិតនៅក្នុងទ្វិបនេះបានរាយការណ៍ជាសាធារណៈអំពីករណីឆ្លងផ្សេងទៀតនៅឡើយទេ៕
