ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ និងស្ត្រីអ្នកជិះម៉ូតូផ្សេងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តកុងតឺន័រ បុកម៉ូតូរ៉ឺម៉ក កាលពីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣០/១៣១ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កកុងតឺន័រ ម៉ាក FUSO ពណ៌ត្រួយចេកពាក់ ស្លាកលេខ ភ្នំពេញ 3C-3030 និងសឺមីរ៉ឺម៉ក ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 4A-4383 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបានរត់គេចពីកន្លែងកើតហេតុ (ក្រុមហ៊ុនតេងឡាយ) បើកបរក្នុង ទិសដៅពីលិចទៅកើត មកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូរ៉ឺម៉កម៉ាក វ៉េវ ប្រភេទម៉ូតូចាស់ ផ្លាកលេខ គ្មាន ទិសដៅផ្ទុយគ្នា ពីកើតទៅលិច បើកបរដោយឈ្មោះ ត្រា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំ រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) បន្ទាប់មកមានម៉ូតូមួយគ្រឿង ម៉ាក វ៉េវ ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1C2194 បានបុកម៉ូតូរ៉ឺម៉កពីក្រោយ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ពៅ ហ៊ន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរ លក់ដូរ រស់ភូមិកំពង់ត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រងរបួសធ្ងន់ (បាក់ដៃខាងឆ្វេង) ពាក់មួកសុវត្ថិភាព៕


