(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃចន្ទម្សិលមិញនេះ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ក្នុងការប្រើប្រាស់បញ្ហាហុងកុងដើម្បីជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ីនហួរ ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។
ស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើរដល់អាជ្ញាធរចិនឱ្យដោះលែងជនល្មើស ១២នាក់ ដែលបានព្យាយាមរត់គេចខ្លួនចេញពីទីក្រុងហុងកុង ទៅកាន់កោះតៃវ៉ាន់ជាបន្ទាន់។ សកម្មជនទាមទារលទ្ធិប្រជាធិបតេយ្យនៅហុងកុងចំនួន ១២នាក់ ត្រូវបានចាប់ខ្លួនកាលពីខែសីហាកន្លងទៅ បន្ទាប់ពីអាជ្ញាធរចិនបានចាប់ឃុំខ្លួនពួកគេ ពីបទលួចឆ្លងដែនខុសច្បាប់តាមទូក។ ពួកគេកំពុងរង់ចាំការបើកសវនាការ នៅឯតុលាការទីក្រុងShenzhen ប្រទេសចិន និងអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ០៧ឆ្នាំ ខណៈដែលប្រទេសចិនក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រើប្រាស់បញ្ហាហុងកុង ដើម្បីលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួនផងដែរ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន បានអំពាវនាវឱ្យទីក្រុងប៉េកាំង ដោះលែងសកម្មជនទាំងនោះជាបន្ទាន់ និងបានថ្លែងរិះគន់ដល់ប្រទេសចិនជុំវិញការដោះស្រាយវិបត្តនៅទីក្រុងហុងកុងផងដែរ៕