ក្រុមហ៊ុន Pfizer ពន្យាពេលការចាក់វ៉ាក់សាំងដល់ប្រទេសសហភាពអឺរ៉ុបចំនួន៨

 

(អ៊ឺរ៉ុប)៖ នៅថ្ងៃចន្ទសប្តាហ៍នេះក្រសួងសុខាភិបាលអេស្បាញបានឲ្យដឹងថា ក្រុមហ៊ុន Pfizer បានសម្រេចពន្យាពេលដឹកជញ្ជូនវ៉ាក់សាំង COVID-19 របស់ខ្លួនទៅឲ្យប្រទេសចំនួន៨ នៅអ៊ឺរ៉ុប បន្ទាប់ពីសហគមន៍អ៊ឺរ៉ុបបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការបានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានChannelNewsAsia នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងសុខាភិបាលអេស្បាញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Pfizer ប្រចាំប្រទេសអេស្ប៉ាញ បានជូនដំណឹងដល់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត នៅល្ងាចថ្ងៃអាទិត្យនេះ ពីការពន្យាពេលដឹកជញ្ជូនវ៉ាក់សាំង ទៅកាន់ប្រទេសអឺរ៉ុបចំនួន៨ ដោយសារតែមានបញ្ហានៅក្នុងដំណើរការផ្ទុក និងដឹកជញ្ជូន ពីរោងចក្ររបស់ខ្លួននៅប្រទេសបែលហ្ស៊ិក។

ទោះយ៉ាងណា នៅក្នុងសេចក្តីថ្លែងការដដែលនេះមិនបានបញ្ជាក់ថា តើប្រទេសអឺរ៉ុបមួយណា ក្រៅពីប្រទេសអេស្ប៉ាញដែលបានរងផលប៉ះពាល់ ពីការអាក់ខានផ្គត់ផ្គង់វ៉ាក់សាំងនៅពេលនេះ។

សូមបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នេះត្រូវរក្សាទុកនៅសីតុណ្ហភាពទាបបំផុតប្រហែល -៧០ អង្សាសេមុនពេលបញ្ជូនទៅតាមមណ្ឌលចែកចាយ។ អេស្បាញគ្រោងនឹងទទួលវ៉ាក់សាំងការពារមេរោគ Pfizer-BioNTech ចំនួន ៣៥០,០០០ ក្នុងមួយសប្តាហ៍ក្នុងរយៈពេល ៣ ខែបន្ទាប់។ បណ្តាប្រទេស​​សហគមន៍​អ៊ឺរ៉ុបភាគច្រើនបានចាប់ផ្តើមធ្វើយុទ្ធនាការចាក់ថ្នាំបង្ការប្រឆាំងនឹងវីរុសនេះនៅចុងសប្តាហ៍នេះជាមួយ Pfizer-BioNTech  ដោយចាប់ផ្តើមពីមនុស្សចាស់ បុគ្គលិកថែទាំសុខភាព និងអ្នកនយោបាយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២