ភ្នំពេញ ៖ រឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលម្នាក់ ត្រូវភាគីម្ខាងទៀត បាញ់ចំនួន៩គ្រាប់ បណ្តាលអោយស្លាប់។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោងជាង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហពន្ធរុស្ស៊ី មុខប្រលានយន្តហោះអន្តរជាតិ ស្ថិក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីធ្វើសកម្មភាព បាញ់សម្លាប់មន្ត្រីនគរបាលហើយ គូរទំនាស់បានជិះរថយន្តគេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះ រ៉េត ស៊ីនេត ហៅ ញ៉ក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល នាយរងព្រហ្មទណ្ឌនៃស្នងការដ្ឋាន រាជធានីភ្នំពេញ។ ហើយជនរងគ្រោះ ក៏ជាម្ចាស់ហាងបាយដ៏ល្បីនៅម្តុំបាក់ទូកផងដែរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ បើករថយន្តម៉ាក FORD ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-3738 តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត lexus RX300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 2A-4546 បើកមកបុកពីក្រោយ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច បន្ទាប់មកភាគីទាំងសងខាង បានឈប់ដើម្បីចរចារគ្នា ដោយភាគីខាងរងគ្រោះបានសម្រួល ឲ្យភាគីបង្កយករថយន្តទៅជួសជុលដើម្បីបញ្ចប់រឿង។
ប្រភពដដែលបានបន្តថា បន្ទាប់មក ស្រាប់តែម្ចាស់រថយន្តបង្កឡើងទៅលើរថយន្ត ចំណែកបក្សពួក២នាក់ទៀត បានដកកាំភ្លើងមិនចាំម៉ាក បាញ់ប្រហារ ទៅលើជនរងគ្រោះ ចំនួន៩គ្រាប់ បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់ ដោយចំក្បាល ២គ្រាប់ និងត្រូវចំដើមទ្រូងនិងពោះ បន្ទាប់ពីបាញ់ប្រហាររួច ក្រុមជនបង្កបានបើករថយន្តគេចខ្លួនបាត់ទៅ៕


