សហរដ្ឋអាមេរិករកឃើញករណីឆ្លងវីរុសកូវីដ-១៩ប្រភេទថ្មី ដំបូងនៅក្នុងរដ្ឋ Colorado

សហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ បានប្រកាសពីការរកឃើញនូវករណីឆ្លងវីរុស កូវីដ-១៩ប្រភេទថ្មីជាលើកដំបូង  នៅក្នុងខ្លួនបុរស វ័យ២០ឆ្នាំម្នាក់ស្ថិតក្នុងរដ្ឋ Colorado។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

ការប្រកាសពីការរកឃើញវីរុស COVID-19 ទម្រង់ថ្មី  ដែលត្រូវបានរកឃើញមុនគេ ក្នុងចក្រភពអង់គ្លេសនេះ ត្រូវបានធ្វើឡើងដោយអភិបាលរដ្ឋ Colorado លោកJared Polis។ លោក Jared Polis បានឱ្យដឹងទៀតថា អ្នកឆ្លងវីរុសប្រភេទថ្មីនេះ គឺជាបុរសម្នាក់មានអាយុប្រហែល ២០ឆ្នាំ ហើយបច្ចុប្បន្នបុរសរូបនេះ កំពុងស្ថិតនៅដាច់ដោយឡែកពីគេ នៅក្នុងតំបន់ Elbert County និងមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសឡើយ។  លោក Jared Polis បញ្ជាក់ថាវាជាលើកដំបូងហើយដែលវីរុសបម្លែងខ្លួនប្រភេទថ្មីត្រូវបានរកឃើញនៅក្នុងសហរដ្ឋអាមេរិក។​

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះបណ្តាប្រទេសនៅជុំវិញពិភពលោកបានរឹតបន្តឹងវិធានការរឹតត្បិតរបស់ខ្លួនបន្ទាប់ពីចក្រភពអង់គ្លេសបានប្រកាសរកឃើញ វីរ៉ុស បម្លែងខ្លួនប្រភេទថ្មី នេះ ដែលវាអាចមានសមត្ថភាពឆ្លងលឿនជាងវីរុសកូវីដធម្មតារហូតដល់៧០ភាគរយ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២