ចិនកាត់ទោសសកម្មជនហុងកុងជាច្រើននាក់ ជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំពីបទឆ្លងព្រំដែនខុសច្បាប់

ចិន៖ នៅថ្ងៃពុធនេះ ​តុលាការចិនបានកាត់ទោសសកម្មជនហុងកុងចំនួន១០នាក់ ឲ្យជាប់ពន្ធនាគារពី ៧ ខែដល់ ៣ ឆ្នាំ ពីបទលួចឆ្លងដែនខុសច្បាប់។នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ChannelNewsAsia  នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

ក្រុមសកម្មជនទាំង១០នាក់ប្រឈមមុខនឹងការចោទប្រកាន់ពីរដ្ឋាភិបាលទីក្រុងហុងកុងជុំវិញការប្រឆាំងតវ៉ានឹងរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ហើយត្រូវបានគេឃុំឃាំង នៅក្នុងពន្ធនាគារចិនដីគោកចាប់តាំងពីទូករបស់ពួកគេត្រូវបានស្ទាក់ចាប់កាលពីថ្ងៃទី២៣ ខែសីហាបន្ទាប់ពីចាកចេញពីហុងកុងដោយពួកគេត្រូវបានចោទប្រកាន់ថាកំពុងលួចធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ដោយខុសច្បាប់។

តុលាការនៅទីក្រុងសិនចិនបានរកឃើញថាជនជាប់ចោទ ៨ នាក់មានទោសពីបទឆ្លងដែនខុសច្បាប់ហើយបានផ្តន្ទាទោសពួកគេឱ្យជាប់ពន្ធនាគារ ៧ ខែនិងពិន័យជាប្រាក់ ១ ម៉ឺនយន់ (១.៥៣៣ ដុល្លារអាមេរិក) ។ ចំណែកអនីតិជនពីរនាក់ដែលបានធ្វើដំណើរលើទូកជាមួយគ្នាដែរនោះ បានសារភាពថាបានប្រព្រឹត្តកំហុសឆ្លងដែនខុសច្បាប់ ប៉ុន្តែមិនត្រូវបានចោទប្រកាន់នៅឡើយទេ។

គួររំលឹកថា  ប៉ូលីសហុងកុងដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន កាលពីថ្ងៃទី៨ខែធ្នូកន្លងទៅបានចាប់ខ្លួនសកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យ ៨ នាក់ផ្សេងទៀត ជុំវិញការប្រឆាំងនឹងរដ្ឋាភិបាល ខណៈដែលមេសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោលោក Joshua Wong ត្រូវបានតុលាហុងកុងសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយ:ពេល១៣ ខែកន្លះផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២