សហរដ្ឋអាមេរិក៖ គិលានុបដ្ឋាយិកាជនជាតិអាមេរិកម្នាក់អាយុ ៤៥ ឆ្នាំនៅរដ្ឋកាលីហ្វ័រញ៉ា បានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ បន្ទាប់ពីបានការចាក់វ៉ាក់សាំងការពារមេរោគ របស់ក្រុមហ៊ុនPfizer បានជាងមួយសប្តាហ៍។នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន SouthChinaMorningPost នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
លោក Matthew W. គិលានុប្បដ្ឋាយិកានៅមន្ទីរពេទ្យមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា កាលពីថ្ងៃទី ១៨ ខែធ្នូថា គាត់បានទទួលវ៉ាក់សាំង Pfizer បន្ទាប់មកដៃរបស់គាត់ឈឺពេញមួយថ្ងៃ ប៉ុន្តែគាត់មិនមាន អាការៈអ្វីផ្សេងនោះទេ។ ប្រាំមួយថ្ងៃក្រោយមកនៅថ្ងៃណូអែលគាត់បានធ្លាក់ខ្លួនឈឺ ដោយមានអាការៈញរ័ញាក់ ឈឺសាច់ដុំ និងអស់កម្លាំង និងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩នៅថ្ងៃបន្ទាប់។
សូមជម្រាបថា បើតាមការអះអាងរបស់ អ្នកឯកទេសខាងជំងឺឆ្លងអាមេរិកបានឲ្យដឹងថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នេះ វានឹងចំណាយពេលប្រហែល ១០ ទៅ ១៤ ថ្ងៃសម្រាប់អ្នកចាប់ផ្តើមចាក់វ៉ាក់សាំងនេះដំបូងដែលមានប្រសិទ្ធប្រហែល ៥០ ភាគរយប៉ុណ្ណោះ ហើយអ្នកត្រូវការដូសទី ២ ដើម្បីទទួលបាន ៩៥ ភាគរយ ៕



