ខេត្តបាត់ដំបង ៖ ក្រោយពីដឹងថា យុវជនម្នាក់ តាមស្រាលាញ់អតីតសង្សារ របស់ខ្លួន ជនសង្ស័យបាននាំបក្ខពួកទៅកាប់ បណ្តាលអោយរងរបួសធ្ងន់។ ហេតុការណ៍ដេញ កាប់គូរសត្រូវស្នេហានេះ កើតឡើង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ សល់ សាន់ ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង មន្ត្រីព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថា ជនសង្ស័យខាងលើនិងបក្ខពួក៣នាក់ទៀត បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិវត្តលៀបសង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។ ដោយបានប្រើប្រាស់កាំបិតនិងដុំថ្មផង បានកាប់បំផ្លាញម៉ូតូមួយគ្រឿង និងបង្កឲ្យជនរងគ្រោះឈ្មោះ សុខ រ៉ានីឆា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ទទួលរងរបួសមុតរយះចេញឈាមត្រង់សៀតផ្កាខាងឆ្វេង និងមុតរយះត្រង់ខ្នងខាងឆ្វេង និងត្រូវនាំទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយសមត្ថកិច្ចធ្វើការសាកសួរនៅចំពោះមុខ សមត្ថកិច្ចជនដៃដល់ឈ្មោះ សល់ សាន់ ហៅតឿបានឆ្លើយសារភាពថា មូលហេតុ ដែលខ្លួនរួមទាំងបក្សពួកចំនួន០៣នាក់ទៀតធ្ វើសកម្មភាពដោយមានកាំបិតដេញកាប់ទៅលើជនរងគ្រោះខាងលើ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ គឺព្រោះតែខឹងនឹងជនរងគ្រោះរូបនេះ ថ្លើមធំហ៊ានទៅស្រឡាញ់អតីតសង្សាររបស់ខ្លួន។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធជាបន្តទៀត និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះ ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕


