​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស១.០២៦​ស្លាប់ និង​ជាង៣ពាន់​នាក់ របួស

ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ ថ្លែង ក្នុង​រយៈពេល ២៤៥ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ មនុស្ស​ចំនួន ១.០២៦ បាន​ស្លាប់ និង ៣.០០៣ នាក់ បាន​រងរបួស ក្នុងនោះ​របួសធ្ងន់ ចំនួន ១.៨២៥ នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស ដែល​កើតឡើង​ចំនួន ២.០១៧ លើក​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថាៈ លទ្ធផល​រឹតបន្តឹង​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ លេខ​៣៩ រយៈពេល ២៤៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២៤៩.៣១០​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៨៣.៥៧២ គ្រឿង និង​រថយន្ត មាន​ចំនួន ៦៥.៧៣៨ គ្រឿង​។​

​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានបញ្ជាក់​ថាៈ បទល្មើស​ភាគច្រើន សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ ពេល​បើកបរ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២