(បាងកក)៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អ្នកឯកទេសខាងរោគសាស្ត្រថៃ បានប្រកាសឲ្យដឹងថា វីរុសកូវីដ១៩ទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូងបំផុតនៅចក្រភពអង់គ្លេស នៅពេលនេះត្រូវបានរកឃើញនៅក្នុងប្រទេសថៃចំនួន៤ករណីផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន bangkokpost ថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។
អ្នកឯកទេសរោគសាស្ត្រលោក Yong Poovorawan បាននិយាយថា មជ្ឈមណ្ឌលជំនាញឯកទេសរោគវិទ្យាបានរកឃើញ វីរុស កូវីដ១៩ ទម្រង់ថ្មី នៅក្នុងក្រុមគ្រួសារជនជាតិអង់គ្លេស ដែលមានសមាជិកសរុប៤នាក់ ដែលបានធ្វើដំណើរមកពីតំបន់Kent នៃប្រទេសអង់គ្លេស ហើយកំពុងស្ថិតក្រោមការធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃ។ វីរុស កូវីដ១៩ ទម្រង់ថ្មីនេះ បានសមត្ថភាពឆ្លងរាលដាលយ៉ាងងាយនិងយ៉ាងឆាប់រហ័សបំផុត។ សមាជិកទាំង៤នាក់កំពុងស្ថិតក្រោមការថែរក្សាមន្ទីរពេទ្យឯកជន ដើម្បីធានាថាវីរុសនេះមិនរីករាលដាល។
ក្រសួងសុខាភិបាលថៃ ហាមឃាត់រាល់ការធ្វើដំណើរចូលរបស់ភ្ញៀវទេសចរអង់គ្លេសទៅកាន់ប្រទេសនេះបន្ទាប់ពីការរីករាលដាលយ៉ាងឆាប់រហ័សនៃកូវីដ១៩ទម្រង់ថ្មីត្រូវបានរកឃើញនៅក្នុងជនជាតិអង់គ្លេសចំនួន ៤ នាក់ដែលបានចូលប្រទេសថៃកាលពីថ្ងៃទី ២១ ធ្នូ។
គួរបញ្ជាក់ថា យ៉ាងណាក្តី អ្នកជំនាញផ្នែកវីរុសថៃរូបនេះ បានអំពាវនាវដល់ប្រជាជនថៃកុំឲ្យមានការព្រួយបារម្ភ ព្រោះវីរុស កូវីដ១៩ ទម្រង់ថ្មីនេះ មិនទាន់មានឱកាសរាតត្បាតនៅក្នុងប្រទេសថៃនៅឡើយទេ។ គិតត្រឹមថ្ងៃចន្ទទី០៤ខែមករានេះ ថៃបានរកឃើញអ្នកឆ្លងកូវីដ១៩ ជាង៧ពាន់ករណី ក្នុងនោះស្លាប់ជាង៦៤នាក់ និងជាសះស្បើយ ៤,៣៣៧ពាន់នាក់៕