ឥណ្ឌាអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងពីរប្រភេទក្នុងពេលតែមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

(ញូដេលី)៖  ប្រធានទីភ្នាក់ងារគ្រប់គ្រងស្តង់ដាសុវត្ថិភាពឱសថនៃប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា ឥណ្ឌាបានអនុម័តឲ្យប្រើប្រាស់នូវវ៉ាក់សាំងកូវីដ១៩ចំនួនពីរប្រភេទ ក្នុងករណីបន្ទាន់ ក្នុងនោះមួយជារបស់សាកលវិទ្យាល័យអង់គ្លេស Oxford សហការនិងក្រុមហ៊ុនAstraZeneca និងមួយទៀតគឺក្រុមហ៊ុន Bharat Biotechដែលក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសឥណ្ឌាផ្ទាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅយប់ថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។

ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោកឥឡូវត្រូវបានគេរំពឹងថានឹងចាប់ផ្តើមកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតជាមួយនឹងការបាញ់ថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca-Oxford និងវ៉ាក់សាំង COVAXIN របស់ Bharat Biotech ។

លោក Somani ប្រធានទីភ្នាក់ងារគ្រប់គ្រងស្តង់ដាសុវត្ថិភាពឱសថបាននិយាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានកម្រិត៧០ភាគរយ។ ចំណែកឯក្រុមហ៊ុន Bharat Biotech ដែលជាក្រុមហ៊ុនផលិតឱសថមួយដែលបានសហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តរបស់រដ្ឋាភិបាលឥណ្ឌា (Indian Council of Medical Research) ដើម្បីផលិតវ៉ាក់សាំងមួយហៅថា COVAXIN ដែលវាអាចមានសុត្ថិភាព និងប្រសិទ្ធិភាពគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងកូវីដ១៩បាន។

​គួរជម្រាបថា យ៉ាងហោចណាស់​ ឥណ្ឌាបានត្រៀម​វ៉ាក់សាំង​ចំនួន ២បន្ថែមទៀត ដែលកំពុង​រង់ចាំ​ទទួលបាន​ការអនុញ្ញាតឲ្យប្រើប្រាស់​ដូចជា វ៉ាក់សាំង ZyCoV-D របស់​ក្រុមហ៊ុន Zydus Cadila និង Sputnik-V របស់​រុស្ស៊ី​ ស្របពេលដែលឥណ្ឌា​សង្ឃឹមថា នឹង​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ចំនួន​៣០០​លាន​នាក់ ក្នុង​រយៈពេល ៦ ទៅ ៨ ខែ​ដំបូង​នៃ​ឆ្នាំនេះ ។បច្ចុប្បន្នឥណ្ឌាជាប្រទេសដែលមានការឆ្លងរាលដាលកូវីដ១៩ ច្រើនជាងគេបង្អស់ទី២ គឺជាង១០.៣លាននាក់ ក្នុងនោះស្លាប់ប្រមាណ១៥ម៉ឺននាក់៕   

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២