ខេត្តកណ្ដាល ៖ ផ្តើមចេញពីរឿងបាត់ស្បែកជើង យោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល បានដកកាំភ្លើងវាយក្បាលសន្ដិសុខ បែកក្បាលហូរឈាម ដួលសន្លប់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនហើយ។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានប្រាប់ ឲ្យដឹងនៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះថា ដើមចមដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង។
បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នូល កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
គួរជម្រាបថា មន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានដកកាំភ្លើងខ្លីវាយក្បាលសន្ដិសុខម្នាក់ បណ្ដាលឲ្យដួលសន្លប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។
សូមជម្រាបជូនថា, បច្ចុប្បន្នជនបង្កត្រូវសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនបានភ្លាមៗ និងធ្វើកំណត់ហេតុស្ដាប់ចម្លើយ ដើម្បីបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
ប្រភពគួរឱ្យជឿទុកចិត្តបញ្ជាក់ថា, លោកផ្កាយ ១ ហេង គាហុងផង ជាម្ចាស់គ្លីនិកខាងលើ៕


