ឡានដឹកខ្សាច់ បុកម៉ូតូពីក្រោយ អូសជាង១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ របួស ដាច់ជើងម្ខាង

ភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់បើកលឿនជ្រុលមកបុកពីក្រោយ ម៉ូតូមួយគ្រឿង រួចអស់ប្រហែលជាង១០ ម៉ែត្រទើបដល់អ្នកបើកបររថយន្តឈប់ បណ្តាលអោយ បុរសម្នាក់ របួសដាច់ជើងម្ខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីម៉ោងជាង៤រសៀលថ្ងៃទី៤ខែមករាឆ្នាំ ២០២១ នៅត្រង់ចំណុចស្ពានដៃចំការដូងតាមបណ្ដោយផ្លូវ២១៧ ឋិតនៅក្នុងភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ។

អ្នកបើកបររថយន្តបង្ករមានឈ្មោះ ឃុន ទីឡុង អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅស្ពានដែកចំកាដូងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម តាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងទៅជើងឆ្លងស្តុបស្ពានដែកចំការដូង ស្របពេលនោះក៏មានបុរសម្នាក់បើកបររថយន្តបែនដឹកខ្សាច់បើកតាមបណ្ដោយផ្លូវ ៣៧១ បត់ឆ្វេងឡើងមកផ្លូវ ២១៧ ក្នុងល្បឿនលឿន ស្រាប់តែជ្រុលមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះ រួចក៏អស់ប្រហែលជា១០ ម៉ែត្រ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសដាច់ជើងខាងស្ដាំ ភ្លាមនោះអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមប្រគល់ឲ្យសមត្ថកិច្ចចរាចរណ៍នៅ ចំណែកជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយមកសមត្ថកិច្ចចរាចរខណ្ឌដង្កោបានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តរួមទាំងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២