ឡុងដ៏៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាននិយាយកាលពីថ្ងៃច័ន្ទថា លោកនឹងចាត់វិធានការណ៍ឲ្យកាន់តែតឹងរ៉ឹងបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុននេះ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩ទម្រង់ថ្មី ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។នេះបើតាមការចេញផ្សាយ សារព័ត៌មានអង់គ្លេស reuters នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានចូលរួមយុទ្ធនាការណ៍ចាក់វ៉ាក់សាំងដំបូងរបស់សាកលវិទ្យាល័យ Oxford និង AstraZeneca។ នាយករដ្ឋមន្រ្តីរូបនេះ បានថ្លែងក្នុងឳកាសនោះថាលោកនិងចាត់វិធានការតឹងរឹងជាងមុនដល់កម្រិត៤ ដើម្បីប្រាកដថានិងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ទម្រង់ថ្មីនេះ ឱ្យបានទាន់ពេលវេលា។
ករណីឆ្លងកូវីដ១៩ទម្រង់ថ្មី បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសអង់គ្លេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលវីរុសថ្មីអាចមានសមត្ថភាពចម្លងបានកាន់តែច្រើន និងឆាប់រហ័ស។ កាលពីថ្ងៃចន្ទមានករណីថ្មី ៥៨,៧៨៤ករណី ដែលក្នុងនោះមនុស្សជាង ៧៥,០០០នាក់នៅក្នុងប្រទេសបានស្លាប់រួចទៅហើយដោយជម្ងឺកូវីដ១៩ ខណៈដែលអង់គ្លេសជាប្រទេសទី ២ នៅតំបន់អឺរ៉ុបដែលមានអត្រាឆ្លងខ្ពស់បំផុត ។
សូមជម្រាបថា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ប្រទេសអង់គ្លេសបានបែងចែកការរឹតត្បិតជាបួនកម្រិត ដោយអាស្រ័យលើអត្រាឆ្លងនៃវីរុសតាមតំបន់នីមួយៗ បច្ចុប្បន្នតំបន់ភាគច្រើនក្នុងប្រទេសនេះ គឺស្ថិតនៅក្នុងការរឹតត្បិតលំដាប់ទី៣ និងទី៤ដែលតម្រូវឲ្យគ្រប់អាជីកម្មតូចធំ និងសាលារៀន ត្រូវផ្អាកដំណើរការទាំងអស់ ខណៈដែល ការជួបជុំមនុស្សលើសពី១០នាក់ត្រូវបានហាមឃាត់ផងដែរ។
រដ្ឋាភិបាលអង់គ្លេសបានចំណាយពេលមួយឆ្នាំក្នុងការព្យាយាមធ្វើឱ្យមានតុល្យភាពក្នុងតម្រូវការបិទទ្វារប្រទេសដើម្បីទប់ស្កាត់វីរុសកូវីដ១៩ដោយមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច។ទោះយ៉ាងណាការរឹតត្បិតដំបូងបង្អស់នៅក្នុងខែឧសភាឆ្នាំមុនបានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ២៥ភាគរយដែលធ្វើឱ្យសេដ្ឋកិច្ចរបស់អង់គ្លេសរងផលប៉ះពាល់ពីការរាតត្បាតនេះខ្លាំងជាងប្រទេសដទៃទៀត៕





