នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា មិនប្រើវិធានការ «ដាក់បំរាមគោលចរណ៍ប្រទេស ឬ Lock down» ប៉ុន្តែត្រូវបង្កើនការយកចិត្តទុកដាក់ រឹតបន្តឹងសុវត្ថិភាព គ្រប់ខេត្ត

ថៃ ៖ ក្រុមកិច្ចការទំនាក់ទំនងសាធារណៈបានបញ្ជាក់ថាលោក ប្រាយុទ្ធា ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានអះអាងមិនដាក់បំរាមគោលចរណ៍ប្រទេស ឬ Lock down ក្រោយពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើ ប៉ុន្តែត្រូវរឹតបន្តឹងសុវត្ថភាពគ្រប់ខេត្ត។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានថ្លែងក្រោយកិច្ចប្រជុំគណៈកម្មការការពារជំងឺឆ្លងកូវីដ១៩ ថា សុំឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងការគោរពវិធានការណែនាំ សុវត្ថិភាពសារធាណៈ ឲ្យបានខ្ជាប់ខ្ជួន និងសុំការយោគយល់ក្នុងការធ្វើដំណើរបងប្អូនឆ្លងកាត់ខេត្តនិមួយៗ មិនបានបង្កភាពងាយស្រួល ត្រូវមានប៉ុស្តិ៍ត្រួតពិនិត្យយ៉ាងតឹងរឹង។

លោកនាយករដ្ឋមន្ត្រីនៅតែបញ្ជាក់ថា រូបភាពដាក់ប៉ុស្តិ៍ត្រួតពិនិត្យ គឺមិនមែនជាការ «Lock down» នោះទេ ប៉ុន្តែជាវិធានការ ការពារសុវត្ថិភាពក្នុងតំបន់។ លោក ប្រាយុទ្ធ ក៏បានបន្ថែមទៀតថា នឹងយកលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ ការពារជំងឺឆ្លងកូវីដ១៩ ទៅប្រជុំក្នុងគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៥មករា នេះបន្ថែមទៀត។

សម្រាប់ខេត្តចំនួន៥ ដែលប្រឈមខ្ពស់ពីការឆ្លងរាលដាល នៃមេរោគកូវីដ១៩ មានដូចជា៖ ខេត្តសមុទ្រសាខន ខេត្តឈុនបុរី ខេត្តរ៉ាក់យ៉ង ខេត្តចាន់បុរី និងខេត្តត្រាត ដែលជាខេត្តនៅជាប់ព្រំដែនថៃ កម្ពុជា។ រាប់ចាប់តាំងពីការផ្ទុះនៃមេរោគកូវីដ១៩ នៅផ្សារលក់គ្រឿងសមុទ្រ មហាឆៃ ខេត្តសមុទ្រសាខន ធ្វើឲ្យអាជ្ញាធរតាមព្រំដែនថៃ កម្ពុជា រួមគ្នារឹតបន្តឹងការពារសុវត្ថិភាពបងប្អូនឆ្លងដែន។

សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា រាប់ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មកដល់ពេលនេះ មានបងប្អូនជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេស ថៃ រកឃើញឆ្លងកូវីដ១៩ ចំនួន ១៧នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២