វ៉ាស៊ីនតោន៖ តាមរយៈការបែកធ្លាយខ្សែអាត់សំឡេងមួយបានបង្ហាញថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់សម្ពាធបង្ខំឱ្យមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋ Georgia កែប្រែលទ្ធផលបោះឆ្នោត ដោយការលួចបន្ថែមសន្លឹកឆ្នោតដើម្បីឱ្យលោកឈ្នះលោក Joe Biden នៅក្នុងរដ្ឋមួយនេះដែលមានចំនួនអង្គបោះឆ្នោតទាំងអស់១៦រូប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។
កាលពីថ្ងៃអាទិត្យ ខ្សែអាត់សំឡេងនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Donald Trump និងលោក Brad Raffensperger មន្រ្តីជាន់ខ្ពស់នៃរដ្ឋ Georgia ត្រូវបានចេញផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន ដោយនៅក្នុងខ្សែអាត់សំឡេងនេះ លោក Trump បានដាក់សម្ពាធឱ្យលោក Raffensperger ប្រកាសលទ្ធផលបោះឆ្នោតសារជាថ្មីថារូបលោកគឺជាអ្នកឈ្នះ ដោយទទួលបានសន្លឹកឆ្នោតច្រើនជាងលោក Joe Biden នៅក្នុងរដ្ឋGeorgia ប៉ុន្តែលោក Raffensperger បានប្រឆាំងនឹងបំណងរបស់លោក Trump បើទោះជាប្រធានាធិបតីអាមេរិករូបនេះ ព្រមានថាលោកអាចនឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសក៏ដោយ។
រដ្ឋ Georgia មានការរាប់សន្លឹកឆ្នោតឡើងវិញចំនួនបីលើករួចមកហើយ ដោយលទ្ធផលចុងក្រោយបានបង្ហាញថាលោក Joe Biden គឺជាអ្នកឈ្នះដោយទទួលបានសំឡេងឆ្នោតច្រើនជាងលោក Trump ក្នុងចំណោមសំឡេងឆ្នោតសរុបប្រមាណ ៥លានសំឡេងនៅក្នុងរដ្ឋមួយនេះ។
គួរបញ្ជាក់ថា អតីតអនុប្រធានាធិបតី លោក Joe Biden បានឈ្នះការបោះឆ្នោតនៅក្នុងអង្គបោះឆ្នោតកាលពីខែធ្នូកន្លងទៅដោយទទួលសំឡេងឆ្នោត ៣០៦-២៣២ ខណៈដែលលោកត្រៀមនិងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករាខាងមុខនេះផងដែរ៕
