ខេត្តកណ្តាល៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលបានចាក់សម្លាប់ក្មេងស្រីសិស្សាលា អាយុ១៨ឆ្នាំហើយ នៅម៉ោងជាង១១ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ក្រោយជនសង្ស័យរូបនេះ ប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចកំពុងនៅកន្លែងកើតហេតុពិនិត្យ និង ធ្វើកោសល្យវិច័យ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ទូច សជាតិ ហៅ (អាដំរី) អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ ការឃាត់ខ្លួនជនសង្ស័យបាន ខណៈរូបគេធ្វើជាប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចមកដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច័យ។
សូមបញ្ជាក់ថា ៖ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានអំពើឃាតកម្មមួយបានកើតឡើងនៅភូមិ-សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជនដៃដល់បានយកកាំបិតចាក់ជាច្រើនកន្លែងនៅលើដើមទ្រូងនិងពោះជនរងគ្រោះ។ ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យជ័យជំនៈ ប៉ុន្តែជាអកុសលមុខរបួសមានករណីធ្ងន់ធ្ងរ ក៏បណ្ដាលឱ្យជនរងគ្រោះត្រូវស្លាប់ពេលជូនដល់មន្ទីរពេទ្យ។
សមត្ថកិច្ចបានបន្តថា ៖ ក្រោយកើតហេតុប្រមាណជាង ១ម៉ោង សមត្ថកិច្ចក៏បានក្តាប់មុខសញ្ញាបាន បន្ទាប់ពីទទួលដំណឹងខ្លះៗពីសាក្សីដែលត្រូវជាប្អូនថ្លៃសពជនរងគ្រោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតក ខាងលើយកមកធ្វើការសាកសួរតាមនីតិវិធី៕


