ខេត្តកណ្តាល៖ ចំពោះមូលហេតុចំបង ដែលនាំអោយបុរសជាជនសង្ស័យ ចាក់ សម្លាប់ យុវតីរងគ្រោះ ជាសិស្សអាយុ១៨ឆ្នាំ គឺដោយសារ ជនរងគ្រោះ គំរាម ប្រាប់ឪពុកម្តាយ ក្រោយត្រូវជនសង្ស័យ ចាប់រំលោភ កាលពីសប្តាហ៍មុន។
សូមបញ្ជាក់ផងដែរថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលបានចាក់សម្លាប់ក្មេងស្រីសិស្សាលា អាយុ១៨ឆ្នាំហើយ នៅម៉ោងជាង១១ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ក្រោយជនសង្ស័យរូបនេះ ប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចកំពុងនៅកន្លែងកើតហេតុពិនិត្យ និង ធ្វើកោសល្យវិច័យ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ទូច សជាតិ ហៅ (អាដំរី) អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ ការឃាត់ខ្លួនជនសង្ស័យបាន ខណៈរូបគេធ្វើជាប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចមកដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច័យ។
ជនសង្ស័យជាឃាតករបានសារភាពប្រាប់សមត្ថកិច្ច ថា មូលហេតុដែលខ្លួនយកកាំបិតចាក់សម្លាប់នារីរងគ្រោះ ឱ្យស្លាប់ក្នុងថ្លុកឈាមនោះ ដោយសារតែខ្លួនខ្លាចជាប់គុក ព្រោះនារីរងគ្រោះបានគំរាមថានឹងប្រាប់ឪពុកម្ដាយឲ្យដឹងពីករណីខ្លួនរំលោភសេពសន្ថវៈកាលពី៧ថ្ងៃមុន។
សូមរំលឹកថា ៖ ជនរងគ្រោះ ត្រូវបានជនសង្ស័យ ចាក់ជាច្រើនកាំបិតនៅលើដើមទ្រូងនិងពោះ កាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅភូមិ-សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យជ័យជំនៈ ប៉ុន្តែជាអកុសលមុខរបួសមានករណីធ្ងន់ធ្ងរ ក៏បណ្ដាលឱ្យជនរងគ្រោះត្រូវស្លាប់ពេលជូនដល់មន្ទីរពេទ្យ៕


