សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងនឹងបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលមួយក្រុមទៅកាន់ប្រទេសអ៊ីរ៉ង់ នៅពេលឆាប់ៗខាងមុនខនេះដើម្បីចរចាឲ្យមានការដោះលែងនាវិករបស់ខ្លួន និងនាវាដឹកសារធាតុគីមីដែលត្រូវបានរឹបអូសដោយបដិវត្តអ៊ីរ៉ង់នៅឯច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ សារព័ត៌មានអង់គ្លេស Reuters នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា គណៈប្រតិភូមួយក្រុមរបស់កូរ៉េខាងត្បូង នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ នៅពេលឆាប់បំផុតខាងមុខនេះ ដើម្បីព្យាយាមដោះស្រាយបញ្ហា ជុំវិញការឃាត់នាវាដឹកទំនិញរបស់ខ្លួន។
ទន្ទឹមនឹងនេះ ដំណើរទស្សនៈកិច្ចរយៈពេលបីថ្ងៃរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Choi Jong-kun ទៅកាន់ទីក្រុងតេអេរ៉ង់ នឹងបន្តតាមការគ្រោងទុក នៅដើមសប្តាហ៍ក្រោយ ដោយគ្មានការប្រែប្រួលឡើយ។ ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីរូបនេះ ត្រូវបានរៀបចំឡើងមុនការរឹបអូសនាវានេះទៅទៀត ។
ការចាប់ឃាត់នាវារបស់កូរ៉េខាងត្បូងពេលនេះ ត្រូវបានគេមើលឃើញថាជាការដាក់សម្ពាធរបស់អ៊ីរ៉ង់លើទីក្រុងសេអ៊ូល ដែលបានបង្កកលុយជាង៧ពាន់លានដុល្លារកាលពីខែកញ្ញា ឆ្នាំ២០១៩ ទៅតាមទណ្ឌកម្មរបស់អាមេរិក។
គួររំលឹកផងដែរថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ឆ្មាំបដិវត្តអ៊ីរ៉ង់បានរឹបអូសយកកប៉ាល់មួយដែលដឹកប្រេង និងសារធាតុគីមីជាង ៧.២០០ តោន និងឃាត់ខ្លួននាវិកកូរ៉េខាងត្បូងចំនួន២០នាក់ផងដែរ នៅក្នុងដែនទឹកឈូងសមុទ្រ Hormuz ក្រោមហេតុផលថា កប៉ាល់ដែលមានឈ្មោះថា Hankuk Chemi នេះ បានរំលោភបំពានម្តងហើយម្តងទៀត នូវច្បាប់បរិស្ថានដែនសមុទ្រ។





