ហុងកុង៖ អ្នកនយោបាយ និងសកម្មជនប្រឆាំងរដ្ឋាភិបាលហុងកុងជាង ៥០នាក់ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃពុធនេះក្រោមច្បាប់សន្តិសុខជាតិ ដែលពួកគេត្រូវបានចោទប្រកាន់ថាបានបះបោរប្រឆាំងនិងការបោះឆ្នោតបឋមកាលពីខែកក្កដាកន្លងទៅ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៥០ នាក់ត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់នៅពេលព្រឹកនេះ ដែលជាការបង្រ្កាបដ៏ធំបំផុតដែលស្ថិតនៅក្រោមច្បាប់សន្តិសុខដែលត្រូវបានបង្កើតឡើងដោយទីក្រុងប៉េកាំងកាលពីថ្ងៃទី៣០ ខែមិថុនាកន្លង។
គណបក្សប្រជាធិបតេយ្យបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ប៉ូលីសបានចាប់ខ្លួនសកម្មជនដែលបានចូលរួមក្នុងការបោះឆ្នោតបឋមកាលពីឆ្នាំមុន ដែលពួកគេត្រូវបានជ្រើសរើសជាបេក្ខជនសម្រាប់ការបោះឆ្នោតនីតិកាលថ្មី។
អ្នកដែលត្រូវបានចាប់ខ្លួនរួមមានអតីតសមាជិកសភា និងសមាជិកក្រុមប្រឹក្សាស្រុកក៏ដូចជាសកម្មជននិស្សិតដែលជាអ្នករៀបចំការដង្ហែរក្បួនទ្រង់ទ្រាយធំកាលពីឆ្នាំមុនដើម្បីប្រឆាំងនឹងបង្កើតច្បាប់សន្តិសុខជាតិថ្មីនេះផងដែរ។
ការបោះឆ្នោតសម្រាប់នីតិកាលថ្មីត្រូវបានគេសន្មត់ថានឹងប្រព្រឹត្តទៅនៅខែកញ្ញាឆ្នាំ២០១៩ ប៉ុន្តែត្រូវបានពន្យាពេលមួយឆ្នាំដោយរដ្ឋាភិបាលបានលើកឡើងពីហានិភ័យនៃការឆ្លងមេរោគកូវីដ១៩។ ក្រុមប្រឹក្សាមានសមាជិកទាំងអស់ ៧០នាក់ ប៉ុន្តែមានតែពាក់កណ្តាលប៉ុណ្ណោះដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់។
គួរជម្រាបថា អ្នកស្រាវជ្រាវនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ រដ្ឋាភិបាលចិនសម្រេចចាប់ខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យលេចធ្លោជាង ៥០ នាក់នៅទីក្រុងហុងកុហុងពេលនេះ នឹងបង្ករឲ្យប្រជាជនហុងកុងរាប់លាននាក់នឹងក្រោកឈរតស៊ូ ដើម្បីទាមទារសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតក្នុងរដ្ឋាភិបាលថ្មីដែលតម្រូវឲ្យបោះឆ្នោតតាមបែបប្រជាធិបតេយ្យ៕







