ភ្នំពេញ ៖ ក្រោយពីមកឃើញសភាពសាកសពប្តី ស្រ្តីជាប្រពន្ធ បានស្រែកទ្រហោយំ ស្ទើរតែបាត់ស្មារតី បន្ទាប់ពីប្តីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្ត មួយគ្រឿងមិនស្គាលម៉ាក បុកប៉ើងជាង២០ម៉ែត្រ បណ្តាល ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីម៉ោង៩និង២០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ចំណុចជិតច្រកចូលសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ផែន ចាន់ទី ហៅប៉ាជូលី អាយុ៣៣ ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល នៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ មានស្រុកកំណើតនៅភូមិបឹងព័ទ្ធ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់សេ ២០១២ ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1-BC 7511 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត បើកស្របគ្នាក្នុងល្បឿនលឿន មកបុកម៉ូតូចំពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូប៉ើងទៅមុខជាង២០ម៉ែត្រ បណ្តាលឲ្យម្ចាស់ម៉ូតូជាជនរងគ្រោះដួលបោកក្បាលនៅនឹងថ្នល់ ស្លាប់ក្នុងថ្លុកឈាម។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយខាងចរាចរណ៍ជំនាញខណ្ឌមានជ័យ ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សព ទៅឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្តបង្ក សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត តាមឃាត់មកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕


