វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការធ្វើប្រតិបត្តិការកម្មវិធី(APP) របស់ចិនចំនួន ៨ ក្នុងនោះមានទាំង Alipay ផងដែរ ខណៈដែលលោកដូណាល់ ត្រាំបានព្យាយាមបង្កើនភាពតានតឹងជាមួយនឹងទីក្រុងប៉េកាំងមុនពេលដែលប្រធានាធិបតីជាប់ឆ្នោតលោកចូ បៃដិននឹងចូលកាន់តំណែងនៅថ្ងៃទី២០ខាងមុខ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
ប្រភពពីមន្ត្រីរដ្ឋបាលលោកត្រាំបានឱ្យដឹងថា កម្មវិធី(App) របស់ចិន ដែលធ្វើការហាមឃាត់នោះរួមមាន QQ, QQ Wallet , SHAREit WeChat, Pay, CamScanner, WPS Office , VMate , និង Alipay។ នៅក្នុងបទបញ្ជាខាងលើនេះ លោកត្រាំ បានបញ្ជាក់ថា App ទាំងនេះអាចបង្កជាហានិភ័យដល់សន្តិសុខជាតិ ជាពិសេសវាត្រូវបានគ្រប់គ្រង់ ឬកាន់កាប់ដោយរដ្ឋាភិបាលចិន ដូច្នេះអាមេរិក ត្រូវតែមានវិធានការទប់ស្កាត់។ បទបញ្ជានេះបានផ្តល់ឱ្យក្រសួងពាណិជ្ជកម្មរយៈពេល ៤៥ថ្ងៃដើម្បីធ្វើសកម្មភាព ប៉ុន្តែក្រសួងគ្រោងនឹងធ្វើសកម្មភាពឲ្យបានមុនថ្ងៃទី២០ ខែមករា ដែលជាថ្ងៃដែលលោកដូណាល់ ត្រាំ ចាកចេញពីតំណែងប្រធានាធិបតីផងដែរ។
សូមជម្រាបថា រាល់ប្រតិបត្តិការកម្មវិធី App ដែលត្រូវបានហាមឃាត់ដោយរដ្ឋបាល Trump ទំនងជាប្រឈម នឹងបញ្ហារបស់តុលាការដូចដែលក្រសួងពាណិជ្ជកម្មបានធ្វើនៅពេលដែលបទបញ្ជារារាំងប្រតិបត្តិការកម្មវិធី WeChat និង TikTok ត្រូវបានរារាំងដោយចៅក្រមសហព័ន្ធ។ ទោះយ៉ាងណា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Wilbur Ross គាំទ្រដល់ការប្តេជ្ញាចិត្តរបស់លោកដូណាល់ ត្រាំ ក្នុងការការពារភាពឯកជន និងសន្តិសុខរបស់ជនជាតិអាមេរិកពីការគំរាមកំហែងនានាដែលបង្កឡើងដោយគណបក្សកុម្មុយនីស្តចិន៕

