ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដោយសារតែខឹងប្រពន្ធមិនដែលនៅផ្ទះ នៅតែផ្ទះគេពេក ខឹងដុតផ្ទះខ្លួនឯងឆេះអស់គ្មានសល់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលស្រុកម៉ាឡៃបានប្រាប់ថា បុរសដែលដុតផ្ទះចោលមានឈ្មោះ យ៉ុន យាន អាយុ៤៤ឆ្នាំ (មុខរបបមិនពិតប្រាកដ) រស់នៅភូមិកើតហេតុខាងលើ មានប្រពន្ធនិងកូន។
មន្ត្រីនគរបាលបញ្ជាក់ថា នៅពេលដែលមានករណីអគ្គិភ័យឆេះផ្ទះខាងលើ កងកម្លាំងនគរបាលបានចុះជួយអន្តរាគមន៍ ហើយមានស្ត្រីម្នាក់ដែលអះអាងថា ជាម្ចាស់ផ្ទះ បានប្តឹង ភ្លាមៗថា ឈ្មោះ យ៉ុន យាន (ជាប្តីរបស់ខ្លួន) បានដុតផ្ទះបណ្តាលឆាបឆេះអស់ទាំងស្រុង។ ផ្ទះជាប្រភេទឈើ ប្រក់ស័ង្កសី ប្រវែង៨ម៉ែត្រគុណ៦ម៉ែត្រ និង សម្ភារៈក្នុងផ្ទះឆេះ អស់គ្មានសល់។ កម្លាំងនគរបាលបានឃាត់ខ្លួន ឈ្មោះ យ៉ុន យាន ដែលធ្វើសកម្មភាពដុតផ្ទះ ឆេះអស់គ្មានសល់។ បុរសជាប្តីរូបនេះបានប្រើប្រាស់គ្រឿងញៀន អាចបណ្តាលបែក ថ្នាំហើយខឹងប្រពន្ធផង ដុតផ្ទះចោលតែម្តង។
ក្រោយ ឃាត់បុរសជាប្តី បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីសាកសួរ និងបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះពិតមែន ព្រោះតែខឹងប្រពន្ធមិននៅផ្ទះ ដើរលេង តែផ្ទះអ្នកជិតខាង៕


