កំពត ៖ ពិតជាគួរអោយអាសូរខ្លាំងណាស់ កុមារីពីរនាក់បងប្អូនបង្កើត បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលដឹកដៃគ្នាឆ្លងផ្លូវ ហើយត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុក កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គរជ័យបានឱ្យដឹងថា កុមារីរងគ្រោះទាំងពីរនាក់ មាន ឈ្មោះ អែម ស្រីណេ អាយុ៩ឆ្នាំ និង ឈ្មោះ អែម ស្រីណូ អាយុ២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានរៀបរាប់ថា មុនគ្រោះថ្នាក់កើតឡើង កុមារទាំងពីរនាក់ដឹកដៃគ្នាឆ្លងផ្លូវ ពីលិចទៅកើត ស្របពេលនោះមានរថយន្តមួយគ្រឿងបើកមកពីទិសខាងត្បូងដោយល្បឿនយ៉ាងលឿន រួចបុកពួកគេពេញទាំងហឹងបណ្តាលឱ្យស្លាប់ទាំងពីរនាក់គួរឱ្យអណោចអធ័មបំផុត ហើយបើកគេចបាត់ស្រមោល៕

